(វីដេអូ) គ្រី ថៃពៅ ប្រជ្រៀតគេឯងពាក់ម៉ាស់បន្លំធ្វើហ្វេនផងអីផង ដើម្បីបានថត ឱក សុគន្ធកញ្ញា ជា Idol ក្នុងចិត្ត
ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៣ លោក គ្រី ថៃពៅ ក្រោយទទួលបានពាននៅអំឡុងឆ្នាំ ២០១៨ ឃើញថាលោកក៏បានក្លាយជាតារាចម្រៀងអាជីពយ៉ាងពេញសិទ្ធិក្នុងផលិតកម្មរស្មីហង្សមាស និង បានចេញចម្រៀងជាហូរហែផងដែរ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គ្រី ថៃពៅ មិនសូវបង្ហាញវត្តមានច្រៀងលើឆាកតន្រ្តីនានាញឹកញាប់ទេ ចំណែកបទចម្រៀងថ្មីៗក៏មិនសូវចេញផុសផុលឡើយ ប៉ុន្តែគេបែរជាចាប់អារម្មណ៍ឃើញលោកបង្ហាញខ្លួនជាតារាសម្តែងរឿងភាគក្នុងប៉ុស្តិ៍ហង្សមាសទៅវិញ។
ដោយឡែកថ្មីៗនេះ គ្រី ថៃពៅ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ខណៈចូលរួមកម្មវិធីមួយប្រជុំដោយកំពូលតារាចម្រៀងមានប្រជាប្រិយភាពជាច្រើនរូប ក្នុងនោះ គ្រី ថៃពៅ ក៏បានបង្ហោះវីដេអូមួយពីសកម្មភាពរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បកស្រាយចម្រៀងលើឆាកក្នុងកម្មវិធីនោះ ដោយលោកបានភ្ជាប់ជាមួយសាររៀបរាប់ទម្លាយនូវអារម្មណ៍របស់ខ្លួនចំពោះរៀមច្បងរូបនេះពេញដោយក្ដីគោរពស្រឡាញ់ចេញពីក្រអៅបេះដូងរបស់លោក ថែមទាំងបង្ហាញថាអ្នកនាងជានិមិត្តរូបម្នាក់របស់លោកទៀតផង។
ក្នុងនោះ គ្រី ថៃពៅ បានរៀបរាប់ថា ៖ «មិនត្រឹមជា idol តែក្នុងចិត្តខ្ញុំ គាត់គឺជាបងស្រីម្នាក់ ហើយវីដេអូនេះមិនមែនបានមកដោយងាយៗនោះទេ គឺខ្ញុំតាំងចិត្តក្រោកចេញពីតុ ចម្ងាយ 100cm ដើរប្រជ្រៀតមនុស្សជាច្រើននាក់ដើម្បីបានថត ខ្ញុំពាក់ម៉ាស់បន្លំធ្វើជាហ្វេន តែបងស្រីប្រហែលជាចំណាំប្អូនបាន អ្វីដែលពិសេស គឺបទចម្រៀងមួយបទនេះ បានដក់ជាប់ក្នុងចិត្តខ្ញុំជាច្រើនឆ្នាំមកហើយ ចង់ប្រាប់ថាស្តាប់ហើយគេងលក់ដោយមិនដឹងខ្លួន បើមានវិបត្តិស្នេហាកាន់តែស្តាប់ កាន់តែឈឺចាប់ កាន់តែនឹកមនុស្សដែលយើងស្រឡាញ់ ហើយបងប្អូនស្តាប់ទៅគឺច្រៀងផ្ទាល់ មិនមែនចាក់ឌីសទេណា តែស្មូត ដូចចាក់ឌីសអញ្ចឹង ការស្រឡាញ់មិនចាំបាច់ឱ្យគេដឹងទេ ឱ្យតែយើងធ្វើរឿងដែលត្រឹមត្រូវ និង ធ្វើរឿងដែលយើងស្រឡាញ់ទៅគឺជាក្តីសុខហើយ នៅមានមួយទៀតបងប្អូន ម៉ាស់ដែលខ្ញុំពាក់នោះគឺជាម៉ាស់ដែលខ្ញុំខ្ចីគេទេ ហើយគេក៏ពាក់រួចហើយដែរ តែខ្ញុំមិនខ្វល់ទេឱ្យតែបានទៅថតបងស្រី សុខចិត្តត្រឡប់ម៉ាស់ម្ខាងទៀតហើយពាក់ ចង់ដឹងអត់ថាអ្នកណាជាម្ចាស់ម៉ាស់ គឺបងប្រុស ធែល ថៃ Tel Thai (និមិត្តរូបរបស់ខ្ញុំ) Aok Sokunkanha – ឱក សុគន្ធកញ្ញា»៕
សូមទស្សនាវីដេអូខាងក្រោម៖