ញាក់សាច់! រឿង «Avatar 2» ទើបបញ្ចាំងបាន ២ សប្ដាហ៍ រកចំណូលបានដល់ជាង ១ ពាន់លានដុល្លារបាត់
ខ្សែភាពយន្តដ៏ល្បីល្បាញ «Avatar: The Way of Water» រកចំណូលបានយ៉ាងភ្ញាក់ផ្អើលរហូតដល់ ១.០៣ ពាន់លានដុល្លារ ក្រោយធ្វើការចាក់បញ្ចាំងជាផ្លូវការរយៈពេល ១៤ ថ្ងៃ។
តាមសារព័ត៌មាន Deadline គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ប្រាក់ចំណូលនៅទីផ្សារក្នុងស្រុក ខ្សែភាពយន្ត «Avatar 2» នេះ រកបានចំនួន ៣១៧.១ លានដុល្លារ ខណៈប្រាក់ចំណូលបានពីទីផ្សារអន្តរជាតិគឺមានចំនួន ៧១២.៧ លានដុល្លារ។ ក្នុងនោះដែរ បណ្ដាប្រទេសដែលរកបានចំណូលខ្ពស់ជាងគេរួមមាន ប្រទេសចិន (រកបាន ១០៨.៧ លានដុល្លារ) ប្រទេសបារាំង (រកបាន ៦៨ លានដុល្លារ) ប្រទេសកូរ៉េខាងត្បូង (រកបាន ៥៨.២ លានដុល្លារ) ប្រទេសអាល្លឺម៉ង់ (រកបាន ៤៧ លានដុល្លារ) និង ប្រទេសឥណ្ឌា (រកបាន ៤០.៥០ លានដុល្លារ)។
គួរបញ្ជាក់ថា ខ្សែភាពយន្ត «Avatar: The Way of Water» គឺជាភាពយន្តទី ៤ ដែលស្ថិតក្នុងចំណោមភាពយន្តដែលរកចំណូលបានដល់ ១ ពាន់លានដុល្លារ ក្នុងពេលវេលាក្រោយវីរុសរាតត្បាតជាសកលនេះ។ មុនភាពយន្តមួយនេះ រឿង «Spider-man: No Way Home» (រកចំណូលបាន ១.៩០៨ ពាន់លានដុល្លារ) រឿង «Top Gun: Maverick» (រកចំណូលបាន ១.៤៨៩ ពាន់លានដុល្លារ) និង រឿង «Jurassic World: Dominion» (រកចំណូលបាន ១.០០១ ពាន់លានដុល្លារ)៕