ម្ដាយ អ៊ែលលី សុំចិត្តបងប្អូនទាំងរំជួលអារម្មណ៍ឱ្យពិចារណាឡើងវិញ ព្រោះនាងត្រឹមជាកូនក្មេងអាយុ ២ ខួបប៉ុណ្ណោះ
រឿងរ៉ាវនាងតូច អ៊ែលលី កូនស្រីអ្នកនាង ផន សុផារី ត្រូវអ្នកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង TikTok មួយចំនួន បង្ហាញអារម្មណ៍មិនសូវសប្បាយចិត្ត និង ស្ដីបន្ទោសអ៊ីចេះមួយអ៊ីចុះមួយទៅកាន់នាងតូច បន្ទាប់ពីនាងតូចធ្វើទង្វើមិនគប្បីនានាដាក់អ្នកគាំទ្រ កំពុងផ្ទុះការជជែកវែកញែកជាខ្លាំង។
ជាការពិត វីដេអូបង្ហាញពីកាយវិការមិនសូវសមរម្យរបស់នាងតូច អ៊ែលលី នោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នា ដោយមានមនុស្សមួយចំនួនបង្ហាញការខកចិត្ត ស្ដីបន្ទោសទៅលើនាងតូច ក៏ដូចជាឪពុកម្ដាយថាមិនចេះអប់រំប្រៀនប្រដៅកូន ចំណែកឯមតិខ្លះវិញក៏យល់ថា អ៊ែលលី ត្រឹមតែជាក្មេងស្រីអាយុ ២ ឆ្នាំប៉ុណ្ណោះ មិនទាន់យល់ច្បាស់ថាអ្វីគួរអ្វីមិនគួរធ្វើឡើយ ដូច្នេះមិនគួរណាប្រើពាក្យស្ដីបន្ទោស ឬ ដាក់បន្ទុកលើនាងតូចទេ។
ដោយឃើញមតិវែកញែកចំពោះកូនស្រីនៅតែជាប្រធានបទដ៏ក្ដៅលើបណ្ដាញសង្គមនៅឡើយ ស្រាប់តែនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ អ្នកនាង ផន សុផារី បានបង្ហោះសារថា ៖ «អែលលី ជាកុមារមានអាយុត្រឹម ២ ខួប និង មានឈាមជ័រជាអ្នកសិល្បៈដែលនាំសំណើច និង ក្តីសុខដល់មនុស្សគ្រប់គ្នា ប៉ុន្តែនាងនៅតែជាកុមារតូចមួយរូបដែលមានសិទ្ធិទទួលបានការគាំទ្រ លើកទឹកចិត្ត បង្ហាត់បង្រៀន និង កែតម្រូវ។ បងប្អូនដែលមានគំនិតអគតិ និង ប្រើសម្តីមិនសមរម្យលើគាត់ គួរពិចារណាផងថា តើអស់លោកប្រមាថលើកុមារ បង្កើតជាការចែករំលែកភាសាមិនល្អ តើនេះជាទង្វើគួរឱ្យគោរពដែល ឬទេ? តាំងនាមឱ្យក្រុមគ្រួសារផ្ទាល់ សូមសម្តែងការអរគុណដល់អ្នកគាំទ្រ អែលលី ទាំងអស់ និង ការស្រឡាញ់ដល់គាត់ ហើយគ្រួសារទាំងមូល និង ខិតខំណែនាំឱ្យនាងក្លាយជាកុមារគំរូ និង មានសម្ថភាពខ្ពស់ដើម្បីក្លាយជាមនុស្ស ដែលញាតិផងទាំងពួងស្រលាញ់ រាប់អាន។ ជាពិសេស ក៏សូមបញ្ជាក់ សម្រាប់មតិអវិជ្ជមាន ជាន់ពន្លិច ឱ្យពិចារណាឡើងវិញថា កុមារមានសិទ្ធទទួលបានការគាំពារ និង ផ្តល់ការសិក្សា មិនមែនសម្រាប់ជាប្រធានបទលេងសើចរបស់ជនអគតិម្នាក់ណាទេ។ សូមអរគុណ!!»៕