រំលងជាង ២០ ឆ្នាំ វាសនាបងប្អូនប្រុសត្រកូល ខេមរៈ ខ្ពស់ត្រដែត ម្នាក់ឡើងងារឧកញ៉ា ម្នាក់ឡើងងារឧត្តមសេនីយ៍ត្រី
មហាជនអ្នកគាំទ្រ ឧកញ៉ា ខេមរៈ សិរីមន្ត ច្បាស់ជាបានជ្រាបមកហើយថា កំពូលតារាចម្រៀងប្រុសរូបនេះបានចាប់ផ្តើមវិស័យសិល្បៈដំបូងតាំងពីអំឡុងឆ្នាំ ២០០៣ មកម្ល៉េះ។ លើសពីនោះ មិនត្រឹមតែ ឧកញ៉ា ខេមរៈ សិរីមន្ត នោះទេ ដែលបានដើរលើវិថីសិល្បៈ សូម្បីបងប្រុសបង្កើត និង ប្អូនស្រីពៅរបស់ ឧកញ៉ា ក៏មានឈ្មោះបោះសំឡេងលើវិថីសិល្បៈផងដែរ។
ក្នុងចំណោមបងប្អូនទាំង ៣ របស់ ឧកញ៉ា ខេមរៈ សិរីមន្ត មហាជនក៏ហាក់មានការសោកស្តាយខ្លាំងណាស់ដែរ ដោយប្អូនស្រីពៅរបស់ ឧកញ៉ា គឺតារាចម្រៀង ខេរមៈ ស្រីពៅ គឺបានលាចាកលោកបាត់ទៅហើយ។ យ៉ាងណា ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីវាសនារបស់បងប្អូនប្រុសត្រកូល «ខេមរៈ» ទាំង ២ រូប ដែលនៅសល់មកជម្រាបជូនខាងក្រោម៖
១. តារាចម្រៀង ខេមរៈ សិរីមន្ត
កំពូលតារាចម្រៀង ខេរមៈ សិរីមន្ត បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ដោយបច្ចុប្បន្ន តារាចម្រៀងមានស្រុកកំណើតពីខេត្តកំពង់ចាមរូបនេះ ជាតារាចម្រៀងស្ថិតនៅក្រោមផលិតកម្មរស្មីហង្សមាស។ លើសពីនោះ ដោយវាសនាខ្ពស់ កូនប្រុសទី ២ នៃត្រកូល «ខេមរៈ» តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានឡើងងារជាឧកញ៉ា និង កំពុងក្លាយទៅជាអ្នករកស៊ីអចលនទ្រព្យដ៏ល្បីឈ្មោះមួយរូបទៀតផង។
២. អ្នកនិពន្ធ ខេមរៈ ភារុណ
ជាការពិត ក្រោយភាពជោគជ័យ និង ល្បីល្បាញរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត លើវិថីសិល្បៈ គឺមានការជ្រោមជ្រែងយ៉ាងខ្លាំងពីអ្នកនិពន្ធ ខេមរៈ ភារុណ កូនប្រុសច្បងនៃត្រកូល «ខេមរៈ»។ ក្នុងនោះ អ្នកនិពន្ធ ខេមរៈ ភារុណ បានសរសេរទំនុកច្រៀងបទចម្រៀងល្បីៗជាច្រើនដល់ប្អូនប្រុស និង តារាផ្សេងទៀតផងដែរ។ បច្ចុប្បន្ន អ្នកនិពន្ធ ខេមរៈ ភារុណ ក៏មានតួនាទីជាឧត្តមសេនីយ៍ត្រី និង កំពុងបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋផងដែរ៕