អីយ៉ាស់! ស្ងាត់ៗ តារាសម្តែងល្បីជើងចាស់ សុវណ្ណ មុន្នី មកលេងស្រុកកំណើត យ៉ាងរីករាយ
បើលើកយកតារាសម្តែងជើងចាស់ជាច្រើនរូបមកជម្រាបជូនដល់មហាជន ច្បាស់ណាស់ប្រាកដជាមានអ្នកគាំទ្រនៅចាំនៅឡើយ តារាសម្តែងភាពយន្ត លោក សុវណ្ណ មុន្នី ដែលមានឈ្មោះបោះសំឡេងមួយរូប តាំងពីទសវត្សរ៍ ៨០-៩០។
តារាភាពយន្ត លោក សុវណ្ណ មុន្នី ស្ទើរតែត្រូវបានទស្សនិកជនក្នុងស្រុកភ្លេចមុខបាត់ទៅហើយ ដោយសារតារាសម្តែងប្រុសរូបនេះ បានលាឈប់ពីសិល្បៈយូរឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ បន្ទាប់ពីលាឈប់ពីអាជីពសម្តែងហើយនោះ តារាសម្តែង សុវណ្ណ មុន្នី បានចាកចេញពីប្រទេសកំណើតទៅរស់នៅជុំគ្រួសារនៅឯសហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ អតីតតារាភាពយន្តខាងលើ ក៏បានសាងគ្រួសាររៀបការ មានកូនប្រុសចំនួន ២ នាក់ហើយដែរ។
នៅចុងឆ្នាំ ២០២២ នេះ ក្រោយពីចាកចេញពីប្រទេសកម្ពុជា និង បញ្ចប់អាជីពសិល្បៈប្រមាណ ២៥ ឆ្នាំ តារាភាពយន្តជើងចាស់ លោក សុវណ្ណ មុន្នី ក៏បានមកលេងប្រទេសកំណើតយ៉ាងរីករាយ។ នេះបើតាមការបង្ហោះរូបភាពរបស់តារាសម្តែងលោក សាវិន ហ្វីលីព កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងនោះដែរ តារាសម្តែង សាវិន ហ្វីលីព ក៏បានឱ្យដឹងថា លោក សុវណ្ណ មុន្នី នឹងមកលេងប្រទេសកម្ពុជារយៈពេល ៣ សប្តាហ៍៕
ប្រភព៖ សាវិន ហ្វីលីព Savin Phillip