តារាស្រី Pei Ppanward លេងពួយជះលុយសុទ្ធ ប្រើក្បាច់ដ៏រំភើបនេះក្នុងថ្ងៃកំណើត រហូតធ្វើឱ្យ Boom ជាមិត្ត ញញឹមបិទមាត់មិនជិត
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃមុខជាបានស្គាល់ច្បាស់ Boom Panadda តារាស្រីជើងចាស់ដែលមានបទពិសោធន៍យូរឆ្នាំលើវិថីសិល្បៈ ដែលថ្មីៗនេះនាងទើបទទួលបានចំណងដៃជីវិតកូនប្រុសទី ២ ក្នុងវ័យ ៤៦ ឆ្នាំ។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ Boom បានប្រកាសដំណឹងទាំងរំភើបចិត្តក្រោយតារាស្រី Pei Ppanward បានម៉ៅយកហាងអាហាររបស់នាង ដើម្បីអបអរថ្ងៃខួបកំណើតចូលវ័យ ៤៣ ឆ្នាំរបស់នាង។
Boom បានរៀបរាប់ថា៖ «ថ្ងៃនេះមានដំណឹងល្អប្រាប់ចេញពីហាង Khao Kaeng Nang Ngam ចង់ជម្រាបបងប្អូនឱ្យដឹងថានៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដែលត្រូវជាថ្ងៃកំណើតរបស់តារាស្រី Pei Ppanward នាងបានប្រកាសនឹងម៉ៅហាងអាហារយើងខ្ញុំដើម្បីឱ្យបងប្អូនប្រជាជនចូលរួមទទួលទានដោយសេរីមិនគិតថ្លៃនោះឡើយ ដោយមានបាយជាមួយម្ហូបចំនួន ១២ មុខ ព្រមទាំងបង្អែមមួយចំនួន ដោយហាងយើងខ្ញុំចាប់ផ្ដើមបើកទទួលមហាជនចាប់តាំងពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៤ ល្ងាច ឬរហូតលក់អស់អាហារ។ សូមអរគុណដល់អ្នកនាង Pei Ppanward ចំពោះការចែករំលែកនេះ»៕