កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នាយកប្រតិបត្តិ Twitter លោក Elon Musk បានធ្វើការស្ទង់មតិ (Poll Vote) នៅលើបណ្ដាញសង្គម Twitter របស់ខ្លួន ដោយសួរថា ៖ «តើលោកគួរតែចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Twitter ដែរឬទេ?»
ជាលទ្ធផលគឺលោកទទួលបានការបោះឆ្នោតដែលយល់ព្រមឱ្យលោកចុះចេញពីតំណែង CEO ទទួលបានច្រើនជាងទុកលោកឱ្យនៅបន្ត ហើយលោក Elon Musk ក៏បានបញ្ជាក់ថា លោកនឹងលាលែងពីតំណែង CEO នៅ Twitter នៅពេលដែលលោកបានរកឃើញអ្នកស្នងតំណែងរបស់លោកបាន។
ជុំវិញរឿងរ៉ាវទាំងនេះហើយ ធ្វើឱ្យមហាជនជាច្រើនបានពិភាក្សាអំពីប្រធានបទដ៏ក្ដៅគគុកនេះ ដោយឆ្ងល់ថា តើលោក Musk នឹងជ្រើសរើសអ្នកណាដើម្បីដឹកនាំ Twitter បន្ត។
ដោយឡែកថ្មីៗនេះ DJ Swivel ផលិតករដ៏ល្បីដែលទើបតែឈ្នះពានរង្វាន់ Grammy បានបង្ហោះក្នុងគណនី Twitter របសខ្លួនថា ៖ «ខ្ញុំគិតថា BTS គួរតែក្លាយជា CEO Twitter»។ បន្ទាប់មួយថ្ងៃក្រោយមក Elon Musk ក៏បានឆ្លើយតបវិញថា ៖ «គំនិតមួយនេះល្អ»។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យមហាជនជាច្រើន មិនពេញចិត្តលោកជា CEO ព្រោះចាប់តាំងពីលោក Musk បានទិញក្រុមហ៊ុន Twitter នេះមក លោកមានបញ្ហាជាច្រើនជាមួយនឹងក្រុមហ៊ុន រាប់ចាប់តាំងពីការបណ្តេញបុគ្គលិកប្រហែលចំនួនពាក់កណ្តាលក្រុមហ៊ុនចេញ ការព្យាយាមដាក់ឱ្យបង់ប្រាក់សម្រាប់គណនីដែលមានសញ្ញាធីកពណ៌ខៀវលើ Twitter ជាដើម។
មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានសប្ដាហ៍មុន លោកក៏ត្រូវបានគេរិះគន់ និង ថ្កោលទោស ពីអង្គការសហប្រជាជាតិ ព្រមទាំងសហភាពអឺរ៉ុប ជុំវិញបញ្ហាបិទគណនី Twitter របស់អ្នកសារព័ត៌មានធំៗមួយចំនួន ដែលប៉ះពាល់ដល់សេរីភាពខាងផ្នែកសារព័ត៌មាន៕