តាមពិត សាយ ធ្លាប់នៅឡាវ ៥ ឆ្នាំ ហើយមានទំនាក់ទំនងពិសេសជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ឡាវទៀត
មហាជននិយមតាមដានជីវិតសិល្បៈរបស់តារាចម្រៀង Original Song និង ជាស្ថាបនិកនៃកម្មវិធី «Run with Sai» លោក សាយ ច្បាស់ជាបានជ្រាបមកហើយថា កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ លោកបានចូលរួមក្នុងការបើកកម្មវិធី «Blue Chair Film Festival» នៅឯប្រទេសឡាវ និង បាននាំភាពយន្តឯកសារ «តាមដងទន្លេងមេគង្គជាមួយ សាយ» ឬ «Along the Mekong with Sai» ទៅចាក់បញ្ចាំងនៅក្នុងកម្មវិធីនោះផងដែរ។
ជាការពិតណាស់ អ្នកគាំទ្រតារាចម្រៀង Original Song និង ជាស្ថាបនិកនៃកម្មវិធី «Run with Sai» លោក សាយ ច្បាស់ជាដឹងហើយថា លោក សាយ គឺមានស្រុកកំណើតនៅឯខេត្តរតនគីរី និង ជាកូនកាត់ខ្មែរ-ឡាវ។
ជាក់ស្តែង ស្របពេលការបំពេញភារកិច្ចនៅឯប្រទេសឡាវតាមការបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការ លោក សាយ ក៏បានឆ្លៀតពេលវេលា ទៅលេងផ្ទះចាស់ ដែលលោកធ្លាប់រស់នៅកាលពីកុមារភាពប្រមាណជា ៥ ឆ្នាំ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល លោក សាយ ក៏បានបង្ហាញពីទំនាក់ទំនងពិសេសរវាងលោក និង លោកស្រី Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ឡាវ ពោលគឺលោកជាក្មួយប្រុសរបស់លោកស្រី Suanesavanh VIGNAKET។
តាមរយៈសារនោះ លោក សាយ បានរៀបរាប់ថា ៖ «ឆ្លៀតកំឡុងពេលធ្វើបេសកកម្មនៅប្រទេសឡាវ ខ្ញុំបានទៅសួរសុខទុក្ខផ្ទះចាស់ ដែលខ្ញុំធ្លាប់រស់នៅកាលពីកុមារភាពអស់រយៈពេល ៥ ឆ្នាំ ព្រមទាំងបានសម្ដែងការគួរសម និង អបអរសាទរ អ្នកមីង Mrs. Suanesavanh VIGNAKET, Minister of Informations, Culture and Tourism សម្រាប់ការឡើងកាន់តំណែងថ្មី ព្រោះមិនបានជួបអ្នកមីងយូរឆ្នាំហើយចាប់ពីពេលរីករាលដាលនៃជំងឺកូវីដ-១៩។ អរគុណអ្នកមីង សម្រាប់ការទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅ»។
លើសពីនោះ លោក សាយ ក៏បានបង្ហាញអារម្មណ៍នឹករឭកដល់ជីដូនជីតាជាទីស្រឡាញ់ និង ពេលវេលាកាលពីកុមារភាពរស់នៅប្រទេសឡាវទៀតថា ៖ «ពិតជាមានអារម្មណ៍នឹកនាដល់លោកតា លោកយាយ និង កន្លែងដែលខ្ញុំធ្លាប់រត់លេងក្នុងបរិវេនផ្ទះនេះ»៕