មិនឱ្យគេឆ្ងល់យូររឿងស្នេហា Sky ចេញមុខទម្លាយផាំងៗថាចូលចិត្តជីវិតនៅម្នាក់ស្រួលជាង
តារាប្រុសរូបសង្ហាវ័យ ២៤ ឆ្នាំ Sky Wongravee គឺជាតារាចម្រៀង និង សម្ដែងពន្លកថ្មី ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស ជាពិសេសមុខមាត់ និង រូបរាងដ៏សង្ហាសាច់សខ្ចីដូចបណ្ដូលចេករបស់តារាប្រុសវ័យក្មេងរូបនេះ តែងធ្វើឱ្យមហាជនស្រីៗបាក់ចិត្តមិនស្ទើរនោះទេ។
បើនិយាយពីរឿងរ៉ាវជីវិតឯកជនវិញ រឹតតែធ្វើឱ្យពួកគេចង់តាមដានខ្លាំងបន្ថែម។ តួយ៉ាងងាកមកមើលតារាប្រុសវ័យក្មេង Sky ឯណេះ ជារឿយៗតែងត្រូវបានអ្នកគាំទ្រចោទសួរជារឿយអំពីទំនាក់ទំនងស្នេហា ដោយហេតុថាមិត្តភក្តិដែលតារាប្រុសរូបនេះដើរជាមួយនោះសុទ្ធសឹងតែមានគូស្នេហ៍ស្ទើរអស់ទៅហើយ លើកលែងតែតារាប្រុស Sky ប៉ុណ្ណោះដែលស្ងាត់មិនព្រមបើកចិត្តយកសង្សារនឹងគេសោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ កុំឱ្យមហាជនមានចម្ងល់ច្រើនជុំវិញរឿងស្នេហាស្រាប់តែអ្នកកំលោះ Sky បានចេញមកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងកម្មវិធីមួយនៅផ្សារទំនើប Icon Siam ដោយបានទម្លាយពីរឿងរ៉ាវបេះដូងរបស់ខ្លួននៅពេលនេះថា ៖ «បច្ចុប្បន្នលោកមិនទាន់មានសង្សារនោះទេ មូលហេតុព្រោះលោកជាមនុស្សចូលចិត្តប្រើជីវិតនៅម្នាក់ឯងច្រើន ពុំសូវបានចេញក្រៅច្រើនទៅជួបនរណាម្នាក់ឡើយ សូម្បីតែមិត្តភក្តិ»៕