វ័យ ៤១ ឆ្នាំ Fan Bingbing ជះសម្រស់ឡើងឆ្វាចក្នុងកម្មវិធីមួយនៅជប៉ុន តែបែរជាត្រូវគេនិយាយដើមរឿងនេះ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Fan Bingbing បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នៅប្រទេសជប៉ុន ដោយនាងបានស្លៀកក្នុងឈុតរ៉ូបវែងបង្អួតរាងស្លីមស្រឡូនយ៉ាងទាក់ទាញ ក្នុងវ័យ ៤១ ឆ្នាំ។
បើទោះជាពេលនេះ តារាស្រីរូបនេះមានអាយុ ៤១ ឆ្នាំហើយក្តី ប៉ុន្តែ Fan Bingbing នៅតែធ្វើឱ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ព្រមទាំងខ្សឹបខ្សៀវពីរូបសម្រស់របស់នាង ដែលចូលវ័យជ្រេទៅហើយនៅតែរាយមន្តស្នេហ៍ខ្លាំង ហើយកាន់តែលេចធ្លោពេលនាងស្លៀកឈុតរ៉ូបពណ៌ខ្មៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែទោះជាយ៉ាងណានាងនៅតែពិបាកក្នុងការរើសគូស្រករ បន្ទាប់ពីបែកបាក់ស្នេហាជាមួយនឹងតារាសម្ដែងប្រុស Li Chen រួចនោះ។
ងាកមកអាជីពរបស់ Fan Bingbing នៅពេលនេះវិញ ត្រូវបានគេដឹងថា មិនសូវជាមានឥទ្ធិពលទៀតនោះទេក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន បន្ទាប់ពីនាងមានរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ ហើយត្រូវបង់ផាកពិន័យប្រមាណ ១៣០ លានដុល្លារ និង ហាមឃាត់មិនឱ្យផ្សព្វផ្សាយនៅក្នុងប្រទេសចិនអស់រយៈពេល ៤ ឆ្នាំ។ តារាស្រីរូបនេះ ត្រូវបានចាត់ចូលជាក្រុមអ្នកសិល្បៈមានឈ្មោះក្នុងបញ្ជីខ្មៅ ដោយសារតែរឿងអាស្រូវខុសច្បាប់ និង ជីវិតឯកជនផ្ទាល់ខ្លួន។
យ៉ាងណាមិញ ក៏មានសារព័ត៌មានចិនជាច្រើនបាននិយាយថា អាជីពរបស់នាងនៅក្នុងទីផ្សារចិនបានបាត់បង់ប្រជាប្រិយភាពស្ទើរតែទាំងស្រុង មកដល់ពេលនេះនាងបានងាកមកសកម្មភាពក្នុងវិស័យកម្សាន្តកូរ៉េ និង ហុងកុងវិញ៕