Tutor ទម្លាយច្បាស់ៗថាស្ទើរតែរត់ចោលសិល្បៈ ព្រោះធ្លាប់ត្រូវគេ Bully រឿងនេះ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ជាពិសេសរឿងប្រភេទ BL មុខជាធ្លាប់បានស្គាល់តារាប្រុស Tutor Koraphat តារាសម្ដែងចំណូលថ្មីសាងស្នាដៃតាមរយៈ «Cutie Pie The Series» ដែលទើបបញ្ចាំងចប់នាពេលថ្មីៗនេះ។
គេសង្កេតឃើញថា ក្រោយរឿងនេះបានបញ្ចប់ Tutor ហាក់ឡើងកូដមានប្រជាប្រិយជាខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនបានងាកមកចាប់អារម្មណ៍ គាំទ្ររហូតមានអ្នកតាមដានដល់ទៅជាង ៧៥ ម៉ឺននាក់នៅលើគណនី IG។
ស្រាប់តែថ្មីៗនេះ Tutor ទម្លាយថា ៖ «ខ្ញុំនិយាយភាគខាងជើងបាន ព្រោះខ្ញុំជាអ្នកមកពីភាគខាងជើងដូចគ្នា តែមួយភាគធំគឺខ្ញុំមិនសូវនិយាយភាសាភាគខាងជើងទេ ព្រោះធ្លាប់ត្រូវគេ Bully ខ្លាំងថាខ្ញុំនិយាយរដឺន ហើយពេលទៅធ្វើតេស្ត ឬ ថតរឿងក៏មានមនុស្សរិះគន់ ហើយតិះទៀនមករហូតដល់ថ្នាក់ខ្ញុំលេងហ៊ាននិយាយ ហើយគិតថានឹងពិបាកឈរជើងក្នុងឧស្សាហកម្មនេះណាស់»។
«មិនត្រឹមតែរឿងសំនៀងនិយាយរដឺនទេ ក្រោយមកទៀតក៏មានអ្នកនិយាយពីរឿងពណ៌សម្បុរ ហេតុអ្វីខ្ញុំសម្បុរខ្មៅ គេខកចិត្តខ្លាំងដែលខ្ញុំមានសម្បុរបែបនេះ ហើយក៏មានអ្នកមកថាឱ្យថាហេតុអ្វីនៅខាងក្រៅមើលទៅរាងធាត់ជាងក្នុងរូបអ្វីបែបនេះ ខ្ញុំស្ទើរតែរត់ចោលសិល្បៈហើយ គឺកម្លាំងចិត្តធ្លាក់ចុះជារឿយៗ។ លុះពេលមកជួបអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ គាត់បាននិយាយណែនាំឱ្យដំបូន្មានជាង ១ ម៉ោង គាត់បានលើកទឹកចិត្ត និងឱ្យយោបល់ល្អៗច្រើនណាស់ថាត្រូវធ្វើអ្វី ហើយក៏ធ្វើឱ្យខ្ញុំជឿជាក់លើខ្លួនឯងច្រើនជាងមុន រហូតមាន Tutor ថ្ងៃនេះ»៕