ផ្ទុះការសង្ស័យ ទូច ស្រីល័ក្ខ ជិតរៀបការ ក្រោយឃើញរូបភាពត្រៀមដើរចែកធៀបការ
ក្រោយពីលែងលះអតីតស្វាមីដាច់ស្រេច និង ស្ពាយឈ្មោះជាអ្នកមេម៉ាយកូន ១ មួយរយៈធំមក ស្រាប់តែថ្មីៗនេះតារាចម្រៀង ទូច ស្រីល័ក្ខ បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បានឃើញគណនីហ្វេសប៊ុករបស់នាងបង្ហោះរូបភាពត្រៀមដើរចែកធៀបរៀបការ។
ជាមួយរូបភាពត្រៀមដើរចែកធៀបរៀបការនោះ ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ថា ៖ «ធៀបការត្រូវបានបញ្ចប់នៅក្នុងនេះ អរគុណភ្ញៀវដែលមានវត្តមាននៅថ្ងៃខាងមុខឆាប់ៗនេះ អរគុណលោកគ្រូនាយកសាលា ហៅ គឹម វណ្ណៈ បានជួយសម្រួលធៀបនឹងឆែកឈ្មោះភ្ញៀវ»។
ការបង្ហោះរូបភាព និង សារខាងលើពីសំណាក់អ្នកនាង ទូច ស្រីល័ក្ខ នេះដែរ អ្នកនាងពុំទាន់បញ្ជាក់ឱ្យច្បាស់ថាជាមង្គលការរបស់នាង ឬ យ៉ាងណានោះទេ ហើយអ្នកនាងក៏ពុំទាន់បង្ហាញថានរណាជាកូនកំលោះដែរ។ យ៉ាងណាទោះ បីជាអ្នកនាងមិនទាន់បង្ហាញច្បាស់មែន ប៉ុន្តែប្រសិនបើជាធៀបការរបស់អ្នកនាងមែននោះ គឺមហាជនអ្នកគាំទ្រក៏ច្បាស់ក្នុងចិត្តថា កូនកំលោះទំនងជាគ្រូបង្វឹកដែលអ្នកនាងបានបើកបង្ហាញថាជាគូស្នេហ៍ថ្មីកាលពីកន្លងទៅនោះហើយ។
ជាការពិត កាលពីមួយរយៈមុនចាប់តាំងពីលែងលះអតីតស្វាមីដាច់ស្រេច តារាចម្រៀងស្រីរូបនេះតែងបណ្ដើរគ្រូបង្វឹករូបសង្ហា បង្ហាញភាពស្និទ្ធស្នាលទៅណាមកណាយ៉ាងត្រសងផ្អែមល្ហែម ធ្វើឱ្យមហាជនសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយក្រោយមកអ្នកនាងក៏ដាច់ចិត្តទម្លាយឱ្យមហាជនឃើញថា អ្នកនាង និង គ្រូបង្វឹករូបសង្ហាម្នាក់នោះពិតជាគូស្នេហ៍នឹងគ្នាមែន៕