ថ្ងៃកំណើត ទេព បូព្រឹក្ស ស្រាប់តែ កុសុម៉ា ទាយភេទកូនមិត្តសម្លាញ់ រួចដាក់ឈ្មោះឱ្យឡើងពីរោះ
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រមួយចំនួនអាចនឹងជ្រាបហើយថាត្រូវជាថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលពេលនេះនាងកំពុងតែទទួលបានការអបអរ ក៏ដូចជាការជូនពរពីមិត្តភក្ដិអ្នកសិល្បៈ និង មហាជនជាច្រើនលើបណ្ដាញសង្គមជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក្នុងថ្ងៃខួបកំណើតនេះដែរ ក្រឡេកទៅមើលពិធីការិនី សុភ័ក្ត្រ កុសុម៉ា ដែលជាមិត្តសម្លាញ់រាប់អាន ទេព បូប្រឹក្ស ដូចបងប្អូនបង្កើត ក៏បានឃើញធ្វើការបង្ហោះសារជូនពរ និង ទម្លាយទំហំចិត្តស្រឡាញ់ចំពោះមិត្តដែលជិតក្លាយជាម្ដាយគេ ព្រមទាំងបានជូនពរឱ្យនាងមានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ។
តាមរយៈការបង្ហោះសារនោះ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «រីករាយថ្ងៃកំណើតពួកម៉ាកសម្លាញ់ បើទោះមួយរយៈនេះមិនសូវបានជួបគ្នាតែចិត្តនឹករាល់ថ្ងៃណាម៉ាក់ៗ ថ្ងៃណាក៏ជាថ្ងៃពិសេសរបស់អ្នកដែរនៅក្នុងចិត្តខ្ញុំ គ្រាន់តែថាថ្ងៃនេះវាសំខាន់ត្រង់ថ្ងៃខួបពួកម៉ាក សូមជូនពរពួកម៉ាក និង ក្រុមគ្រួសារជួបតែសំណាងល្អ មានសុខភាពល្អទាំងម៉ាក់ទាំងក្មួយ ទេព ដេវីតបូរមីធីតាសួគ៌ា ណា (មិនបាច់លាក់ទេឯងទាយថាដឹងតែក្មួយស្រីហើយ) សូមឱ្យការងារហូរដូចទឹក ធ្វើអ្វីក៏សម្រេចតាមប្រាថ្នារបស់អ្នកណា មួយទៀតកុំរអ៊ូរឿងធុញនៅផ្ទះច្រើនអីមើលថែសុខភាពឱ្យបានល្អទៅ អារឿងលុយកាក់ទុកឱ្យប្តីអ្នករកទៅយើងចាំតែចាយបានហើយ Mommy love you my best friend Tep Boprek»៕