តារាកំប្លែង Mum Jokmok ទទួលបានប័ណ្ណកិត្តិយសសិល្បៈជើងចាស់ឆ្នើម ក្នុងវ័យ ៥៧ ឆ្នាំ
ប្រិយមិត្តដែលនិយមតាមដានរឿងថៃភាគស្គាល់ច្បាស់បានស្គាស់រួចមកហើយ តារាកំប្លែងជើងចាស់វ័យ ៥៧ ឆ្នាំលោក Mum Jokmok ដែលបានបោះជំហានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈផ្នែកកំប្លែងថៃអស់រយៈពេលជាង ៣០ ឆ្នាំ ដោយទទួលបានការគាំទ្រ និង ស្រឡាញ់ចូលចិត្តពីបងប្អូនគ្រប់ស្រទាប់វណ្ណៈ។
តារាកំប្លែងរូបនេះ បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៩០ មកម៉្លេះ ទន្ទឹមនឹងនោះលោកបានសាងស្នាដៃរឿងជាច្រើន មិនថាជារឿងភាគ ឬរឿងខ្នាតធំនោះឡើយ។ លោក Mum Jokmok ជាតារាកំប្លែងមួយរូប ដែលទទួលបានដំណែងតួឯក ក្នុងប្រភេទកុនខ្នាតធំជាច្រើនរឿង បើទោះបីជាមុខមាត់ មិនសូវស្រស់សង្ហាក៏ពិតមែន តែគ្រប់រឿងដែលលោកសម្តែងតែងធ្វើឱ្យមហាជនផ្ទុះសំណើចសើចក្អាកក្អាយជានិច្ច។
ដោយពឹងផ្អែកទៅលើសមត្ថភាពខ្លាំងក្នុងការសម្ដែងនេះហើយ ទើបនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែងវ័យ ៥៧ ឆ្នាំរូបនេះទទួលបានប័ណ្ណកិត្តិយសបុគ្គលឆ្នើមផ្នែកសិល្បករជើងចាស់ពីក្រុមអភិរក្សសិល្បៈ និង វប្បធម៌នៃសាកលវិទ្យាល័យមហាសារាខាម។ ទន្ទឹមនឹងទទួលបានប័ណ្ណកិត្តិយសនេះ ពិតជាធ្វើឱ្យតារាប្រុស Mum Jokmok រំភើបរីករាយ និង មានមោទកភាពខ្លាំងណាស់ ដោយលោកបានបង្ហោះសារក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាមថា ៖ «នេះគឺជាមោទកភាពសម្រាប់គ្រួសាររបស់យើង »៕