មិនធម្មតា! ចេញសម្ដែងរឿងភាគលើកដំបូង ធីតាឯកសង្រ្កាន្ត ហេង រិនសុម៉ាលីតា ឆក់បានដំណែងតួឯក
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ កញ្ញា ហេង រិនសុម៉ាលីតា បានទទួលជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៣ ហើយកញ្ញាក៏បានក្លាយជាតំណាងតួអង្គទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម គឺព្រះនាងកិរិណីទេវី។ ចាប់តាំងពី ម៉ាលីតា បានក្លាយជាធីតាឯកសង្ក្រាន្តមក គេសង្កេតឃើញកញ្ញាទទួលបានការងារក្នុងសិល្បៈជាច្រើន ដូចជា ការដើរម៉ូដ ច្រៀង ថតប្រូម៉ូតផលិតផល និង សម្ដែង ជាដើម។
ស្របពេលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមហាជន និង មានការងារច្រើនក្នុងវិស័យសិល្បៈនោះ ថ្មីៗកន្លងទៅនេះ ធីតាឯកសង្ក្រាន្ត វ័យ ២២ ឆ្នាំ កញ្ញា ហេង រិនសុម៉ាលីតា ក៏ទទួលបានឱកាសសម្តែងក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍បាយ័នក្នុងតំណែងជាតួឯក ដែលសម្តែងជាមួយលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ លោក ម៊ឺនឯក សុភារិទ្ធ និង កញ្ញា សំណាង សូរិយា ជាដើម ហើយរឿងនោះមានចំណងជើងថា «តួឯក»។
ជាមួយនឹងការក្តាប់បានតំណែងតួឯកលើកដំបូងក្នុងរឿង «តួឯក» នេះ កញ្ញា ម៉ាលីតា បានប្រាប់មកកាន់ «ប្រជាប្រិយ» ពីអត្ថន័យខ្លះៗក្នុងសាច់រឿងមួយនេះផងដែរថា រឿងនេះគឺបង្កប់អត្ថន័យកុំឱ្យទុកចិត្តមនុស្សដែលនៅជិតខ្លួនយើងពេក បើទោះបីជាយើងជិតស្និទ្ធជាមួយក៏ដោយ ព្រោះការជឿងប់ជាមួយនឹងគេពេក គេលួចក្បត់ និង ចាក់ក្រោយខ្នងមិនដឹងខ្លួន។
មិនតែប៉ុណ្ណោះ ម៉ាលីតា ក៏បានបង្ហាញអារម្មណ៍ភ័យអរៗ និង មោទកភាពផងដែរ ដែលខ្លួនជាតារាពន្លកថ្មី ប៉ុន្តែមានឱកាសបានសម្ដែងជាតួឯកស្រីក្នុងរឿងភាគធំជាលើកដំបូង ជាមួយនឹងរៀមច្បងដែលកញ្ញាធ្លាប់មើលតាំងពីតូចៗ ដូចជាលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង លោក ម៊ឺនឯក សុភារិទ្ធ នោះ៕