Matthew តបវិញផាំង ពេលគេរិះគន់ថា មិនចេះប្រដៅកូន ឱ្យកូនដើរក្ដិចគេឯង
ស្របពេលដែលរឿងរ៉ាវកូនស្រីតូចរបស់ Lydai បានក្តិចក្នាញ់តារាស្រី Mai Davika នៅតែជាប្រធានបទក្ដៅនៅឡើយនោះ គេឃើញថាមានមហាជនអ្នកគាំទ្រជាច្រើន បានចូលរួមបញ្ចេញមតិ ដោយមហាជនខ្លះ នាំគ្នាសើចក្នាញ់ក្មេងស្រីតូច Demi បែបគួរឱ្យស្រឡាញ់ ចំណែកមហាជនខ្លះទៀត បែរជាចូលទៅបញ្ចេញមតិរិះគន់ បន្ទោសម្តាយឪពុករបស់ Demi ថា មិនចេះបង្រៀនកូន ឱ្យកូនធ្វើរឿងមិនសមរម្យដាក់មនុស្សធំ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះដែរ ថ្មីៗនេះ Matthew ដែលជាឪពុករបស់ក្មេងស្រីតូច Demi ក៏បានចេញមុខបង្ហាញអារម្មណ៍របស់ខ្លួនផ្ទាល់ ដោយមិនលាក់លៀមថា លោកដឹងថាមានអ្នករិះគន់ថា លោក និង ភរិយា មិនបង្រៀនកូន តែលោកគិតថា ធម្មជាតិរបស់ក្មេង តែងតែឆ្ងល់នេះឆ្ងល់នោះ គាប់ជួនអីពេលនោះ Mai Davika ក៏មានស្នាមខ្មៅលើស្មាទៀតផងនោះ អាចនឹងធ្វើឱ្យក្មេងឆ្ងល់ ក៏មានចិត្តចង់ក្តិច ចង់កេះក៏ថាបានដែរ។
លើសពីនេះទៅទៀត Matthew ក៏បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងរឿងដែលមហាជនរិះគន់ថា លោកមិនបង្រៀន ឬ មិនប្រដៅកូននោះ វាជារឿងដែលមិនពិតនោះទេ ព្រោះលោកបង្រៀនកូននូវពាក្យ ទង្វើល្អៗរាល់ថ្ងៃ និង បង្រៀនមិនឱ្យប៉ះពាល់ ឬក៏ធ្វើមិនល្អដាក់អ្នកដទៃឡើយ សូម្បីតែសត្វកន្លាត សត្វផ្សេងៗចូលក្នុងផ្ទះ ក៏លោកមិនដែលឱ្យកូនវាយដែរ ពោលគឺ លោកតែងប្រដៅកូន មិនឱ្យបៀតបៀនជីវិតអ្នកដទៃតែម្តង៕