កេសរ កាន់ខ្លែងឯកចងក្បិនពាក់អាវបែប Fashion រំលេចក្រវិលច្នៃពីអង្គញ់ទៀត ប្លែកភ្នែកម្យ៉ាង!
ធ្មេចបើកៗរយៈពេលប្រមាណជិត ១ ឆ្នាំមកហើយ ដែលក្រុមចម្រៀង Small World Small Band បានប្រកាសរំសាយក្រុម ដោយអតីតសមាជិកទាំង ៤ នៃក្រុមចម្រៀងដ៏ល្បីនេះ ក៏បានបន្តដំណើរលើវិថីសិល្បៈរៀងៗខ្លួនផងដែរ។
បើក្រឡេកមកមើលអតីតសមាជិកដែលជានារីតែម្នាក់គត់ក្នុងចំណោមសមាជិកក្រុមជាបុរស ៣ នាក់ផ្សេងទៀត កញ្ញា រិទ្ធី លម្អរកេសរ ហៅ Yuki ក៏នៅតែបន្តដំណើរលើឧស្សាហកម្មតន្ត្រីដូចដើម ដោយកញ្ញាក៏បានបង្ហាញសកម្មភាពថ្មីរបស់ខ្លួន ក្រោយពីរំសាយក្រុម និង ក្លាយទៅជាតារាចម្រៀងទោល។
ជាការពិតតាំងពីស្ថិតនៅជាសមាជិកក្រុម Small World Small Band អស់រយៈពេល ៩ ឆ្នាំ កញ្ញា កេសរ ក៏ត្រូវបានមហាជនដាក់ងារថាជាតារាចម្រៀងស្រីដែលនិយមតែងខ្លួន Fashion ប្លែកៗ ស្រស់ស្អាតជានិច្ច។ ជាងនេះទៅទៀត ក្រោយក្លាយជាតារាចម្រៀងទោលមក តារាចម្រៀងស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រកាន់តែលាន់មាត់សរសើរមិនដាច់ ព្រោះនាងបានផ្លាស់ប្តូរស្ទីលនៃការតុបតែងខ្លួនស្ទើរតែទាំងស្រុង ពោលគឺឈុតសម្លៀកបំពាក់ថ្មីៗ ដែលកញ្ញា កេសរ បានស្លៀកបង្ហាញមួយរយៈពេលចុងក្រោយនេះ គឺ Fashion ខ្លាំង និង សិចស៊ីខ្លាំងទៀតផង។
ជាក់ស្តែងកាលពីបុណ្យរដូវរំហើយនៅឯខេត្តកំពង់ឆ្នាំងកន្លងទៅ កញ្ញា កេសរ បានបង្ហាញខ្លួនកាន់ខ្លែងឯក ក្នុងឈុតបុរាណលាយសម័យ ដោយចងក្បិនពាក់អាវវៀលក្លៀកច្នៃយ៉ាង Fashion អមនឹងក្រវិលរូបអង្គញ់ និង ស្បែកជើងពណ៌ខ្មៅយ៉ាងទាក់ភ្នែក។ ការតុបតែងខ្លួនខាងលើនេះដែរ កញ្ញា កេសរ បានធ្វើឱ្យមហាជនលាន់មាត់សរសើរយ៉ាងខ្លាំង ដោយលើកឡើងថាតារាចម្រៀងស្រីរូបនេះ បើទោះជានិយមបែប Fashion យ៉ាងណា តែក៏មិនភ្លេចឡើយពីការបន្ថែមច្នៃម៉ូដបុរាណលាយចូលគ្នានោះឡើយ៕