ស្ងាត់ៗ ភុំ សោភ័ណ Miss World Cambodia ២០២០ តំណាងឱ្យកម្ពុជាម្តងទៀត កំពុងប្រកួតកម្មវិធីមួយនៅថៃ
ពិតជាធ្វើឱ្យមហាជនអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅស្ងាត់ៗស្រាប់តែបវរកញ្ញាខ្មែរ កញ្ញា ភុំ សោភ័ណ ដែលជា Miss World Cambodia ២០២០ បានតំណាងឱ្យកម្ពុជាជាថ្មីចេញទៅប្រកួតកម្មវិធី Miss Fabulous International នៅឯខេត្តឆៀងម៉ៃ ប្រទេសថៃ។
បើតាមការបញ្ជាក់ក្នុងការឡាយផ្ទាល់ពីកញ្ញា ភុំ សោភ័ណ ជុំវិញមូលហេតុដែលនាងចេញទៅប្រកួតមិនបានប្រាប់មហាជននេះ ក៏ព្រោះតែនាងមិនប្រាកដចិត្តថារូបនាងអាចចូលរួមប្រកួតបានឬអត់ ដោយហេតុថាខាងកម្មវិធីទើបតែផ្តល់ដំណឹងឱ្យនាងដែរ។
បវរកញ្ញារូបនេះ បានបន្តថា នាងមានពេលត្រឹម ១ អាទិត្យប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនដើម្បីចូលរួមប្រកួត Miss Fabulous International ដូចនេះហើយបានជានាងពុំបានប្រាប់ទៅអ្នកគាំទ្រ។ ក្នុងនោះ កញ្ញា ភុំ សោភ័ណ ក៏បានសុំការអភ័យទោស និង សំណូមពរឱ្យបងប្អូនកម្ពុជាជួយគាំទ្រនាងផងដែរ ដោយកម្មវិធីនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរ កម្មវិធី Miss Fabulous International គឺជាកម្មវិធីលំដាប់អន្តរជាតិថ្មីមួយដែលទើបបង្កើតឡើងដោយជនជាតិថៃក្នុងឆ្នាំ ២០២២ នេះ ដែលមានទីស្នាក់ការធំនៅខេត្តឆៀងម៉ៃ ប្រទេសថៃ។ ដោយឡែក សម្រាប់គោលបំណងនៃកម្មវិធីនេះ គឺបើកឱកាសឱ្យមនុស្សស្រី និង ភេទទី ៣ ដែលឆ្លងកាត់ការកែភេទហើយ ដែលមានក្តីស្រមៃចង់ក្លាយជាបវរកញ្ញា មកប្រកួតដណ្ដើមមកុដដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួន៕