កាន់តែមានឥទ្ធិពល! ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើងកូដខ្លាំងបានក្លាយជាតារាសម្តែងក្នុងរឿងបែប GL នៅថៃ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាឯកកម្ពុជាម្នាក់ ដែលកំពុងមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងទាំងនៅកម្ពុជា និង នៅប្រទេសថៃ ចាប់តាំងពីនាងទទួលបានដំណែងលំដាប់រងទី ៥ នៅក្នុងកម្មវិធី Miss Grand International 2022។
ស្របពេលទទួលបានឱកាស និង ឈានជើងមកបំពេញការងារនៅលើទឹកដីថៃ ជាមួយនឹងស្ថាប័ន Miss Grand International មក ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់កាន់តែលេចមុខលេចមាត់នៅលើបណ្តាញសង្គម ពិសេសថែមទាំងលេចវត្តមានលើកម្មវិធីល្បីៗរបស់ប្រទេសថៃជាបន្តបន្ទាប់ទៀតផង។
ដោយឡែក ទន្ទឹមនឹងមានឈ្មោះកាន់តែល្បីសាយភាយទាំងក្នុង និង ក្រៅប្រទេសហើយនោះ ពេលនេះក៏ធ្លាយដំណឹងដ៏មិននឹកស្មានចេញពីមាត់អ្នកគ្រប់គ្រងស្ថាប័ន Miss Grand International លោក Nawat Itsaragrisil ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវបានក្រុមហ៊ុនជ្រើសឱ្យក្លាយជាតួសម្តែងម្នាក់នៅក្នុងរឿងប្រភេទ GL «Show me Love»។
យ៉ាងណាមិញ ជុំវិញដំណឹងដ៏សែនរំភើបចិត្តនេះដែរ ពិតធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជាជាច្រើនមានមោទកភាពចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាខ្លាំង ពោលគឺអាចនិយាយបានថា នាងជានារីខ្មែរម្នាក់ដែលអាចឆក់បានបេះដូងអ្នកគាំទ្រថៃបានខ្លាំងបែបនេះ៕