កំលោះសង្ហា RM មេក្រុម BTS ទម្លាយរឿងរៀបការសាងគ្រួសារយ៉ាងរំជួលចិត្ត នៅអាយុ ២៨ ឆ្នាំ
កំលោះសង្ហា RM គឺជាមេក្រុមរបស់ក្រុមល្បី BTS ជាបុរសម្នាក់ដែលមានមន្តស្នេហ៍ ទាំងមុខមាត់ និង អត្តចរិត ចេះគិតគូរហ្មត់ចត់ ចូលចិត្តមើលថែអ្នកនៅជុំវិញខ្លួនដែលធ្វើឱ្យមហាជនអ្នកគាំទ្របាក់ចិត្តស្រឡាញ់ស្តូក។
យ៉ាងណាមិញ ជាមួយអត្តចរិតកក់ក្តៅបែបនេះហើយ ទើបធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនហាក់ចង់ឃើញរូបភាព RM រៀបការសាងគ្រួសារនឹងគេ។ ដោយឡែក ថ្មីៗនេះកំលោះ RM ក៏ទើបតែបានទម្លាយការគិតគូររឿងរៀបការរបស់ខ្លួន នៅវ័យ ២៨ ឆ្នាំដូច្នេះថា លោកគិតថាវារាងគួរឱ្យខ្លាចបន្តិច លោកមិនសូវប្រាកដជាមួយនឹងរឿងនេះប៉ុន្មាននោះទេ។
RM បន្តទៀតថា បើនិយាយពីកាលមុន លោកតែងតែគិតថាលោកនឹងមានជីវិតសាមញ្ញមួយ លោកនឹងខិតខំប្រឹងធ្វើការ រួចកាលណាដល់ពេលនោះលោកនឹងរៀបការសាងគ្រួសារ។ យ៉ាងណាមិញ មកទល់ឥឡូវនេះ អ្វីៗត្រូវបានប្រែប្រួល ព្រោះលោកមិនបានជ្រើសដើរជីវិតសាមញ្ញ គឺលោកជ្រើសយកផ្លូវសិល្បៈ ដែលវាត្រូវប្រទះរឿងរ៉ាវជាច្រើន ទើបធ្វើឱ្យលោកចាប់ផ្តើមគិតរឿងការរៀបការម្តងទៀតថា មើលទៅលោកប្រហែលជាមិនអាចរៀបការបាននោះទេ ពោលគឺឱ្យតែគិតដល់រឿងនេះ គឺលោកស្មុគស្មាញខ្លាំងណាស់។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលលើកទឹកចិត្តលោកជាពាក្យពេចន៍ផ្សេងៗផងដែរ ដោយម្នាក់ៗពេញចិត្តគោរពការសម្រេចចិត្តលើជីវិតរបស់តារាសំណព្វចិត្តតែម្តង៕