ពោះម៉ាយជាង ២ ឆ្នាំ ពេលគេសួរដល់រឿងគូជីវិត Num Sornram បានត្រឹមឆ្លើយបែបនេះ
បើនិយាយពី Num Sornram Theppitak មហាជនភាគច្រើនមុខជាបានស្គាល់រួចមកហើយថា លោកជាតារាជើងចាស់ដែលមានប្រជាប្រិយភាពមួយរូប មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈថៃ ជាពិសេសជាតារាប្រុសដែលមានស្នាដៃរឿងល្បីច្រើនរាប់មិនអស់ មិនថាជារឿងភាគ ឬ ខ្សែភាពយន្ដខ្នាតធំនោះឡើយ។
ដ្បិតតែ Num Sornram ជោគជ័យលើពិភពសិល្បៈ តែជីវិតស្នេហារបស់លោកគឺមិនបានជោគជ័យឡើយ ដោយលោកបានរៀបការហើយលែងលះនៅឆ្នាំ ២០២០ បន្សល់ទុកចំណងដៃជីវិតកូនស្រីម្នាក់។
ក្រោយជួបរឿងលែងលះជាមួយអតីតភរិយា គេសង្កេតឃើញថាមកទល់ពេលនេះ Num Sornram មិនដែលពាក់ព័ន្ធ ឬ លេចដំណឹងអាស្រូវជាមួយនារីណាសោះឡើយ ក្រៅពីផ្ដោតលើការធ្វើការងារសិល្បៈនោះ។
ថ្មីៗនេះ Num Sornram បានចេញមុខឆ្លើយតបឱ្យដឹងថា ៖ «បើនិយាយពីរឿងបេះដូង ឬ គូជីវិតអ្វីនេះ ខ្ញុំមិនដែលបិទបេះដូងទេ គ្រាន់តែបេះដូងខ្ញុំមានតែកូនស្រីខ្ញុំម្នាក់ប៉ុណ្ណោះ ម្យ៉ាងខ្ញុំចាស់ហើយវ័យ ៥០ ឆាប់ៗនេះហើយ ខ្ញុំមានទាំងកូនស្រី មានប្រវត្តិធ្លាប់រៀបការ ហើយក៏លែងលះ ហើយមានឈ្មោះជាពោះម៉ាយ អ្នកណាទៅចាប់អារម្មណ៍ទៀតនោះ»។
«ចំពោះរឿងស្នេហាអ្វីនេះ ខ្ញុំតែងប្រាប់ខ្លួនឯងថា ខ្ញុំមានកូនស្រីម្នាក់ ខ្ញុំត្រូវតែគិតល្អិតល្អន់បន្ដិចចំពោះរឿងនេះ ប្រសិនបើខ្ញុំទៅធ្វើរឿងអ្វីមិនល្អ ស្អុយឈ្មោះមានគេនិយាយមិនល្អ នោះថ្ងៃមុខអ្នកដែលលំបាកគឺកូនស្រីខ្ញុំ។ ពេលនេះបេះដូងខ្ញុំគឺពោរពេញដោយគាត់ ខ្ញុំស្រឡាញ់គាត់ណាស់ មិនចង់ឱ្យអ្នកផ្សេងមកដឹង ឬ យល់ចិត្តខ្ញុំទេ សុំត្រឹមតែកូនដឹងថាខ្ញុំស្រឡាញ់នាងប៉ុនណាក៏គ្រប់គ្រាន់ទៅហើយ»៕