(វីដេអូ) មិនត្រឹមចេះលេងតន្ត្រីសម័យ កូនស្រីពៅ ម៉េង កែវពេជ្ជតា ក៏ចេះដេញចាប៉ីដងវែងបានយ៉ាងល្អ
ជាការពិតណាស់ មហាជនធ្លាប់បានដឹងមកហើយពីកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនឆ្នាំរបស់តារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា នៅក្នុងវិស័យសិល្បៈ ដែលពុំអាចមាននរណាមកប្តូរតំណែងរបស់អ្នកនាងបាននោះឡើយ។
ក្នុងនោះដែរ មហាជនដែលបានដឹងពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានជ្រាបថាមុននឹងបែកបាក់ជីវិតអាពាហ៍ពិពាហ៍ តារាចម្រៀងរៀមច្បងរូបនេះ និង ស្វាមី ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ផងដែរ ដោយបច្ចុប្បន្នកូនប្រុសច្បងរបស់អ្នកនាង ម៉េង កែវពេជ្ជតា កំពុងបន្តការសិក្សានៅប្រទេសបារាំង រីឯកូនស្រីរស់នៅប្រទេសកម្ពុជាជាមួយអ្នកនាង។
អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែមានសមត្ថភាពលើវិស័យសិល្បៈតែម្នាក់ឯងប៉ុណ្ណោះទេ សូម្បីតែកូនប្រុសស្រីរបស់អ្នកនាង ក៏មានទេពកោសល្យសិល្បៈកាត់តាមអ្នកនាងជាម្តាយដែរ ដោយពួកគេមានដុងសិល្បៈពីក្មេងៗ និង ចេះលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញ។
ជាក់ស្តែងសព្វថ្ងៃ បើទោះជាកូនប្រុសច្បងអ្នកនាង ម៉េង កែវពេជ្ជតា មានឈ្មោះ ម៉េង ពេជ្ររតនៈ កំពុងរស់នៅឯក្រៅប្រទេសមិនអាចមានវត្តមានក្នុងការសម្តែងរួមនឹងម្តាយក៏ពិតមែន ប៉ុន្តែអ្នកនាង ម៉េង កែវពេជ្ជតា នៅមានកូនស្រីពៅមួយរូបទៀតគឺនាងតូច ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅ អូនផ្អែម កំពុងតែបន្តលើវិថីសិល្បៈនៅក្នុងប្រទេសកម្ពុជាជាមួយនឹងអ្នកនាង។
ជារឿយៗកូនស្រីពៅ ម៉េង កែវពេជ្ជតា តែងបង្ហាញវត្តមាននៅក្នុងការសម្តែងដូចជាការច្រៀង និង ការលេងតន្ត្រីទាំងឧបករណ៍បុរាណសម័យ ជាមួយនឹងអ្នកម្តាយស្ទើរគ្រប់ឆាកសម្តែង ដោយនេះជាហេតុធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសមត្ថភាពម្តាយកូនអ្នកសិល្បៈល្បីឈ្មោះនេះ។
បើទោះវ័យជាង ១០ ឆ្នាំ តែកូនស្រីពៅអ្នកនាង ម៉េង កែវពេជ្ជតា ពិតជាពោរពេញទៅដោយសមត្ថភាព ដោយនាងតូចអាចលេងបានទាំងឧបករណ៍តន្រ្តីសម័យ និង ឧបករណ៍តន្ត្រីបុរាណមួយចំនួនទៀតផង។ ជាក់ស្តែងថ្មីៗនេះ នាងតូច ម៉េង ពេជ្ជតាសង្វាពេជ្រ បានហ្វឹកហាត់លេងចាប៉ីដងវែងបន្ថែមទៀត ដើម្បីចូលរួមសម្តែងជាមួយសិល្បករ សិល្បការិនីចាប៉ីដងវែងជើងចាស់ ក្នុងការអបអរសាទរខួបទី ៦ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយ៉ូនេស្កូថែមទៀតផង៕