កូនខ្មែរថែវប្បធម៌! មកស្ដាប់បទចម្រៀងកូនខ្មែរ ស្នាដៃថ្មី ៤ បទ បានបញ្ចូលឧបករណ៍ខ្មែរ «ចាបុីដងវែង» ចូល ពីរោះខ្លាំង
ពិតណាស់ ឧបករណ៍តន្រ្តីខ្មែរបុរាណ «ចាប៉ីដងវែង» របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ពោលគឺ ៦ ឆ្នាំមុន។
យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះកូនខ្មែរជំនាន់ក្រោយតែងរិះរកវិធីគ្រប់បែបយ៉ាង ដើម្បីការពារសម្បត្តិបេតិកភណ្ឌមួយនេះ ជាពិសេសទៅទៀតនោះ គឺមានសិល្បករខ្មែរជំនាន់ក្រោយជាច្រើននាក់ បានលាយឧបករណ៍តន្រ្តីខ្មែរបុរាណមួយនេះ ច្របាច់បញ្ចូលគ្នាជាមួយនឹងតន្រ្តីសម័យ ដែលធ្វើឱ្យអ្នកស្ដាប់ទាំងក្មេង ទាំងចាស់ ទទួលបានអារម្មណ៍ប្លែក និង ជក់ចិត្តជាមួយនឹងតន្ត្រីដែលគេកំពុងតែស្ដាប់នោះ។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយក បទចម្រៀងកូនខ្មែរស្នាដៃថ្មី ៤ បទ បានរួមបញ្ចូលឧបករណ៍ខ្មែរ «ចាប៉ីដងវែង» ចូលដែលស្ដាប់ទៅអាចធ្វើឱ្យប្រិយមិត្តពេញចិត្តយ៉ាងខ្លាំង៖
១. បទ «Time To Rise» របស់លោក វណ្ណដា ច្រៀង និង សម្ដែងរួមគ្នាជាមួយនឹងលោកតាព្រឹទ្ធាចារ្យ គង់ ណៃ
២. បទ «ចាប៉ី» របស់ក្រុមចម្រៀង Polarix
៣. បទ «ទាហានប៉ារ៉ា» របស់ក្រុមចម្រៀង ក្មេងខ្មែរ
៤. បទ «ចាប៉ីបុណ្យភូមិ» របស់អតីតក្រុម Small World Small Band ក្រុមតូច
គួរឱ្យដឹងផងដែរថា «ចាប៉ីដងវែង» ត្រូវបានគេស្គាល់ថា ជាជាឧបករណ៍មានខ្សែ ២ ឬ ៤ ប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និង ប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ ជាដើម។ សិល្បៈប្រភេទនេះ ដើមឡើយមានព្រឹទ្ធាចារ្យជាច្រើនរូប អាចប្រគំបានយ៉ាងស្ទាត់ជំនាញ និង ប៉ិនប្រសប់ ដែលមានដូចជា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ព្រឹទ្ធាចារ្យ គង់ ណៃ ព្រឹទ្ធាចារ្យ នេត ប៉េ ជាដើម។ ខណៈមកទល់បច្ចុប្បន្ននេះ មានយុវជនខ្មែរមួយចំនួនបាននាំគ្នារៀនសូត្រនូវសិល្បៈប្រភេទនេះ និង ចងចាំមិនភ្លេចឡើយ ដោយសារតែកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕