ទម្លាយប្រវត្តិការងារតារាប្រុស Aaron Kwok មុនក្លាយជាតារាល្បីនៅ TVB ធ្លាប់ធ្វើជាជាងម៉ាស៊ីនត្រជាក់
កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ TVB ដែលមានឈ្មោះថា «TVB 55th Anniversary Footprint» បានទម្លាយអំពីប្រវត្តិលម្អិតខ្លះៗរបស់តារាសម្ដែង Aaron Kwok នៅពេលនេះលោកមានវ័យ ៥៦ ឆ្នាំហើយ ប៉ុន្តែនិយាយពីប្រជាប្រិយភាពវិញ នៅតែទាក់ទាញចិត្តទស្សនិកជនខ្លាំងដដែល។
ខណៈពេលនោះ ក៏បានបង្ហាញពីការចាប់ផ្តើមដំបូងរបស់លោក Aaron ចូលមកក្នុងគ្រួសារ TVB ផ្តើមជាអ្នករាំបម្រុង ហើយមានមនុស្សតិចណាស់ដែលដឹងពីអាជីពពីមុនរបស់លោក។ កាលពីអាយុ ១៨ ឆ្នាំ តារាប្រុសរូបនេះ បានមកដាក់ពាក្យជាអ្នករាំ TVB ក្នុងឆ្នាំ ១៩៨៤។
បើយោងទៅតាមពាក្យស្នើសុំរបស់លោក ពេលនោះ Aaron កំពុងធ្វើការជាជាងម៉ាស៊ីនត្រជាក់ ហើយប្រាក់ខែដែលលោកបានចំនួន ១៧០០ ដុល្លារហុងកុង (ប្រហែល ២១៦ ដុល្លារអាមេរិក) ក្នុងមួយខែ។
គ្រាន់តែបានដឹងអំពីដំណើរជីវិតមុនចូលសិល្បៈរបស់តារាប្រុសរូបនេះភ្លាម អ្នកទស្សនាជាច្រើនតាមរយៈអ៊ីនធឺណេតបានសម្ដែងក្តីអាណិត និង កោតសរសើរដល់ការប្រឹងប្រែងរបស់លោកជាខ្លាំង ដោយមិននឹកស្មានថា Aaron មុននឹងក្លាយជាតារាល្បីមានមុខមាត់ដល់បច្ចុប្បន្ននេះ ធ្លាប់ជួបរឿងរ៉ាវជីវិតដ៏លំបាកបែបនេះសោះ៕