នៅចាំតារាចម្រៀងវ័យក្មេង Min បានទេ? ពេលនេះធំពេញរូបរាងសង្ហា ហើយថែមទាំងរៀនបានខ្ពង់ខ្ពស់ទៀត
អ្នកណាខ្លះជាអ្នកគាំទ្រ Kamikaze? ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានស្ដាប់ចម្រៀងថៃនាអំឡុងឆ្នាំ ២០០៥ ដល់ ២០១៥ មុខជាបានស្គាល់ច្បាស់ក្រុមហ៊ុន Kamikaze ដែលជាក្រុមហ៊ុនចម្រៀងធំមួយប្រចាំប្រទេសថៃ ហើយបានបង្កើតតារាចម្រៀងល្បីៗជាច្រើនដូចជា Four-Mod, 3.2.1, Neko Jump, Faye Fang Kaew និង Waii ជាដើម។
ក្រោយផលិតកម្មនេះបានប្រកាសបិទទ្វារ គេសង្កេតឃើញថាតារាចម្រៀង Kamikaze ក៏បានបំបែកគ្នាដើរផ្លូវរៀងខ្លួន ដោយអ្នកខ្លះបានក្លាយជាតារាសម្ដែង ខ្លះទៀតក៏បន្ដអាជីពជាតារាចម្រៀង។
យ៉ាងណាមិញ តារាចម្រៀងវ័យក្មេង Mr.Min ដែលមានឈ្មោះពិតថា Min Yongsuvimol ក៏ហាក់ធ្វើឱ្យអ្នកគាំទ្រនឹករលឹកខ្លាំងមិនតិចដែរ ដោយលោកហាក់មិនសូវលេចមុខក្នុងសិល្បៈដូចតារាដទៃនោះឡើយ។
ក្រោយបាត់មុខជាយូរ គេបានរកឃើញថាបច្ចុប្បន្ននេះ Min មានអាយុ ២៣ ឆ្នាំហើយ ដោយធំពេញរូបរាងជាកំលោះសង្ហាម្នាក់ ដែលមានមុខមាត់មានមន្ដស្នេហ៍ឆក់ចិត្តអ្នកគាំទ្រនារីៗ ជាពិសេសមិនត្រឹមតែរូបសង្ហាទេ គេទទួលបានដំណឹងទៀតថាថ្មីៗនេះ Min ទើបតែទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ ពីមហាវិទ្យាល័យ Mahidol ដែលជាសាលាវេជ្ជសាស្ត្រល្បីឈ្មោះមួយផងដែរ៕