ពិធីករ អៀង វិច្ឆ័យ បួងសួងសូមឱ្យព្រះគង្គារជួយស្រោចស្រង់ក្មេងៗបាត់ខ្លួន ឆាប់រកឃើញវិញ
ហេតុការណ៍លិចទូកដ ដ៏រន្ធត់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅវេលាម៉ោងប្រមាណជា ១៩ និង ០០ នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យប្រជាជនកម្ពុជាកត់ស្លុតជាខ្លាំង ជាពិសេសសាច់ញាតិជនរងគ្រោះកំពុងយំសោកសង្រេងអាណិតដល់កូនដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។
យ៉ាងណាមិញ គិតមកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ វេលា ១៤ និង ៤៥ នាទី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានរកឃើញជងរងគ្រោះសរុបចំនួន ១៤ នាក់ ក្នុងនោះស្លាប់ ១០ នាក់ (ស្រី ៣ នាក់) និង នៅសល់ ១ នាក់ទៀតអាយុ ១៤ ឆ្នាំបាត់ខ្លួន ខណៈអាជ្ញាធរកំពុងខ្នះដៃខ្នះជើងតាមស្វែងរកបន្ត។
ងាកមកពិធីករ លោក អៀង វិច្ឆ័យ វិញ បានបង្ហាញអារម្មណ៍ក្ដុកក្ដួលជាពន់ពេល ដោយលោកបានបួងសួងដល់ព្រះគង្គារមេត្តាជួយស្រោចស្រង់ក្មេងដែលបាត់ខ្លួនឱ្យវិលវិញនៅមានជីវិតផងចុះ។
អៀង វិច្ឆ័យ រៀបរាប់ទាំងខ្លោចចិត្តថា ៖ «សូមបួងសួងដល់ព្រះគង្គា បារមីថែរក្សាដែនទឹក ជួយស្រោចស្រង់ក្មេងៗដទៃទៀត ដែលមិនទាន់រកឃើញ សូមឱ្យពួកគាត់នៅមានជីវិត សូមកម្លាំងបួងសួងពីបងប្អូនខ្មែរគ្រប់ទិសទី🇰🇭 បានជួយស្រោចស្រង់អ្នកទាំងអស់គ្នាផង»៕