ឆន សុវណ្ណារាជ ទៅសាកថ្មឱ្យជីវិតដល់ប្រទេសស្វីស ជាមួយជីវិតយ៉ាងអភិជន
ថ្មីៗនេះ តារាចម្រៀងប្រុសរូបសង្ហា ឆន សុវណ្ណារាជ បានលាទឹកដីប្រទេសកំណើតមួយរយៈ បានរៀបចំវ៉ាលីច្រើនសន្ធឹកជិះយន្តហោះធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសប៉ែកអឺរ៉ុប។
ការធ្វើដំណើរកម្សាន្តលើកនេះ ឆន សុវណ្ណារាជ អះអាងថាគឺជាការសាកថ្មឱ្យជីវិត ព្រោះកន្លងមកលោកធ្វើការហត់នឿយជាច្រើន ដូច្នេះត្រូវរកពេលវេលាឱ្យផ្លូវចិត្ត ផ្លូវកាយបានសម្រាក និង ទៅកន្លែងដែលខ្លួនប្រាថ្នា។
ប្រទេសដែលគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រូបនេះប្រាថ្នា គឺជាប្រទេសស្វីស ដែលគេស្គាល់ជាប្រទេសប៉ែកអឺរ៉ុបមួយដែលមានទេសភាពស្អាតដូចគំនូរ ហើយបច្ចុប្បន្ន ឆន សុវណ្ណារាជ ក៏កំពុងដើរលេងចាយជីវិតដ៏ហ៊ឺហារនៅទីនោះផងដែរ។
គ្រាន់តែទៅដល់ទឹកដីប្រទេសស្វីសភ្លាម ឆន សុវណ្ណារាជ បានថតរូបស្អាតៗស្ដែងពីទិដ្ឋភាពពណ៌បៃតងខ្ចី និង ទិដ្ឋភាពលើភ្នំទឹកកកដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម និង ជាកន្លែងដែលមនុស្សម្នាជាច្រើនប្រាថ្នាចង់ទៅលេង៕