ឆ្លាតណាស់! អាយុទើប ២ ឆ្នាំ កូនប្រុស អែនជី មានទឹកចិត្តចេះធ្វើបុណ្យតាំងពីតូច
ភ្លេចៗត្រចៀក ពេលនេះកូនប្រុសសំណព្វចិត្តរបស់តារាចម្រៀង អែនជី និង ស្វាមី មានអាយុ ២ ឆ្នាំហើយ ដោយចាប់តាំងពីរៀបការរហូតទទួលបានកូនប្រុសជាចំណងដៃមក គ្រួសារតូចរបស់តារាចម្រៀងស្រីសាច់សខ្ចីរូបនេះកាន់តែមានសុភមង្គលកាន់តែខ្លាំង។
ដ្បិតថាសព្វថ្ងៃ អែនជី មមាញឹកនឹងការងាររកស៊ីស្ទើរតែដកឃ្លាមិនរួច ប៉ុន្ដែជារឿយៗគេឃើញតារាស្រីខាងលើ និង ស្វាមី តែងបង្ហាញរូបភាពផ្អែមល្ហែម ជាពិសេសការផ្ដល់ពេលវេលានៅក្បែរ មើលថែកូនប្រុស ក៏ដូចជាផ្ដល់ភាពកក់ក្ដៅឱ្យរូបគេមិនដែលខានឡើយ។
ងាកមកអូនតូច គង់ វិរៈអ៊ីដេន តំណក់ឈាមដំបូងរបស់ស្រីស្រស់ អែនជី និង ស្វាមី គង់ សុខអេង វិញ នៅតូចមែន ប៉ុន្ដែ អ៊ីដេន មានទឹកចិត្តល្អបរិសុទ្ធ ចេះចែករំលែកតាំងពីក្មេង ដោយនៅថ្ងៃខួបកំណើតរបស់គេ អ៊ីដេន បានយល់ព្រមជាមួយម្ដាយ ដោយដកថវិកាពីការធ្វើខួបកំណើតចំនួន ៧៨៩ ដុល្លារ បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង។
តារាចម្រៀង អែនជី បានឱ្យដឹងថា ៖ «ចេះណាស់កូនពូជ សួរគាត់ថាសុខចិត្តយកលុយធ្វើខួប ១ ចំណែកបរិច្ចាគជូនគន្ធបុប្ផាអត់ គាត់ឆ្លើយ Ok ថ្ងៃនេះកូនពូជ គង់ វិរះអ៊ីដេន ដល់ខួបអាយុ ២ ឆ្នាំ»៕