ក្ដៅគគុក! តារាស្រី Linda Chung ត្រូវមហាជនចោទប្រកាន់ថាជាមនុស្សមុខពីរ ល្អតែក្នុងការសម្ដែង
តារាសម្ដែងហុងកុង Linda Chung ដែលបច្ចុប្បន្ននេះកំពុងពពោះកូនទី ៣ របស់នាងនោះ កំពុងក្លាយជាប្រធានបទក្ដៅគគុកពាសពេញបណ្ដាញសង្គម ក្រោយមានមហាជនម្នាក់ អះអាងថា តារាស្រីរូបនេះបានបដិសេធសំណើរបស់គេ ដែលសុំនាងថតរូបជាមួយ ដោយចោទថា រូបនាងគឺមិនល្អ ដូចដែលខ្លួនសម្ដែងក្នុងរឿងនោះឡើយ។
ខណៈប្រធានបទមួយនេះ ហាក់ផ្ទុះការវែកញែកខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ Linda ក្នុងនោះក៏មានមហាជនម្នាក់ទៀតដែលអះអាងថា ជាក្រុមការងារក្នុងផលិតកម្មមួយ ក៏បានចេញមកទម្លាយពីបទពិសោធដែលរូបគេជួបប្រទះផងដែរ។
បើតាមសម្ដីរបស់មហាជនរូបនោះ បានលើកឡើងថា Linda គឺជាញឹកញាប់បង្ហាញទង្វើមិនល្អដាក់អ្នកដែលមានឋានៈក្រោមនាងណាស់។ មហាជនរូបនោះលើកឡើងថា ៖ «ដោយសារតែពួកយើងជាបុគ្គលិកបានប្រាក់ខែទាប អត្តចរិតរបស់នាងមកលើយើង គឺអាក្រក់ខ្លាំងណាស់។ ចរិតរបស់នាងគឺតែងតែអ៊ីចឹង គ្រប់គ្នាក្នុងក្រុមហ៊ុនដឹងទាំងអស់ហ្នឹង។ នាងពិតជាមនុស្សមុខពីរមែន ដោយនាងអាចផ្លាស់ប្ដូរទឹកមុខត្រឹមប៉ុន្មានវិនាទី ហើយត្រឡប់ទៅចរិតឈ្លើយខ្លាំង»។
មហាជនដដែលក៏បានលើកឡើងទៀតថា មានពេលមួយរូបគេបានជួបនឹងអ្នករស់នៅក្នុងតំបន់ជាមួយ Linda ហើយអ្នកជិតខាងរូបនោះ ក៏បានទម្លាយប្រាប់គេថា គាត់ឧស្សាហ៍ដើរជល់គ្នានឹង Linda នៅហាងទំនិញក្នុងភូមិពួកគេណាស់។ ប៉ុន្តែ រាល់ពេលដែលពួកគេប្រទះភ្នែកនឹងគ្នា Linda គឺតែងតែងាកចេញភ្លាមៗ។
មិនទាន់អស់ទេ មហាជនម្នាក់ផ្សេងទៀត ដែលអះអាងថាជាអ្នកជិតខាងរស់នៅក្បែរផ្ទះ Linda ផ្ទាល់ ក៏បានទម្លាយដែរថា ៖ «នៅពេលយើងឡើងជណ្ដើរដំណាលគ្នា ហើយនាង (Linda) នៅពីក្រោយខ្ញុំ នាងគឺតែងតែនិយាយខ្សឹបៗដូចរអ៊ូរទាំបន្ទោសខ្ញុំថាឡើងយឺតនោះយឺត បាំងផ្លូវនាងអីអ៊ីចឹង»។
ទោះជាយ៉ាងណា ខណៈមហាជនមួយចំនួន បានចេញមុខមកចោទប្រកាន់ថា តារាសម្ដែង Linda ជាមនុស្សមុខពីរក៏មែន ក៏មានមហាជនមួយចំនួនទៀតហាក់បង្ហាញការការពារ Linda ដែរថា Linda អាចនឹងគ្រាន់តែមានការប្រុងប្រយ័ត្នចំពោះមនុស្សមិនស្គាល់មុខ ទើបធ្វើឱ្យនាងត្រូវបានគេចាត់ទុកថា ជាមនុស្សលាក់ចរិតបែបនេះ៕