«Run With Sai ៤ សែនជំហាន» ជាកម្មវិធីរត់ចុងក្រោយរបស់ សាយ ផ្តល់សារសំខាន់ ២ ចំណុចដល់កម្ពុជា
ដូចមហាជនបានជ្រាបមកហើយថា រយៈពេលប្រមាណជាជិត ២ ឆ្នាំចុងក្រោយនេះ តារាចម្រៀង Original Song លោក សាយ បានដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការចូលរួមការងារសង្គម។
ក្នុងនោះ កាលពីចុងឆ្នាំ ២០២០ សាយ បានរៀបចំកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក្នុងការរត់ ២៣ ខេត្តក្រុង រយៈពេល ៩៧ ថ្ងៃ ក្នុងរយៈចម្ងាយ ២៤០៨ KM និង រៃអង្គាសថវិកាបានជិត ៥០ ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លើសពីនោះ នៅចុងឆ្នាំ ២០២១ សាយ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌មួយថ្មីទៀត មានឈ្មោះថា «រត់ជាមួយសាយ Virtual Run 2021» ជាប្រភេទការរត់ម៉ារ៉ាតុន សម្រាប់រយៈចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ដើម្បីចូលរួមបរិច្ចាគដល់សកម្មភាពមនុស្សធម៌ដល់អង្គការចំនួន ៣ ដែលជួយទ្រទ្រង់ដល់សុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា។
ក្រោយពីបានបញ្ចប់បេសកកម្មខាងលើនោះហើយ សាយ ក៏បានចូលរួមកម្មវិធីសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០២២ នេះ ម្ចាស់បទ «ងប់ងល់» រូបនេះ ក៏បានប្រកាសត្រៀមរៀបចំកម្មវិធីសប្បុរសធម៌មួយថ្មីទៀតមានឈ្មោះថា «Run with Sai ៤ សែនជំហាន» ដែលនឹងរត់រយៈពេល ៩ ថ្ងៃ ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ។
តួយ៉ាង កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ «Run with Sai ៤ សែនជំហាន» បានបើកសម្ពោធជាផ្លូវការហើយ ដោយកម្មវិធីនេះនឹងចាប់ផ្តើមរត់ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ ដោយគោលដៅក្នុងការប្រមូលថវិកា ៤០ ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ជាការពិត កម្មវិធី Run With Sai កាលពីឆ្នាំ ២០២០ ធ្លាប់បានធ្វើដំណើរប្រមូលថវិកាបានប្រមាណជិត ៥០ ម៉ឺនដុល្លារម្តងរួចទៅហើយ ដើម្បីជួយការព្យាបាលជំងឺទូទៅកុមារ ដែលបានមកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងកម្មវិធី «Run with Sai ៤ សែនជំហាន» ថវិកាដែលប្រមូលបាន សាយ និង ក្រុមការងារមាគោលដៅសំខាន់ទី ១ គឺជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។
លើសពីនោះ ចំណុចសំខាន់ទី ២ កម្មវិធី «Run with Sai ៤ សែនជំហាន» ក៏ត្រូវបានក្លាយជាផ្នែកមួយនៃ «Beyond the Games» ដែលជាយុទ្ធនាការក្នុងការផ្សព្វផ្សាយ ដោយកម្ពុជានឹងត្រៀមក្លាយទៅជាម្ចាស់ផ្ទះ «SEA GAMES» នាឆ្នាំ ២០២៣ ខាងមុខនេះ។
គួរឱ្យដឹងថា កម្មវីធី «Run with Sai ៤ សែនជំហាន» គឺជាកម្មវិធីសប្បុរសធម៌រត់ចុងក្រោយហើយ ដែល សាយ បានរៀបចំឡើង ហើយក្នុងនោះ សាយ ក៏សង្ឃឹមថាបន្ទាប់ពីកម្មវិធីនេះចប់ ក៏នឹងមានសប្បុរសធម៌ជាច្រើនទៀត នឹងចាប់ផ្តើមយុទ្ធនាកានានាដើម្បីជួយបន្តចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ៕