អ៊ឹស! នារីរូបស្អាតម្នាក់ បន្លំខ្លួនយ៉ាងអភិជនធ្វើជាក្មួយស្រីតារាល្បីតៃវ៉ាន់ Ruby Lin ដើរឆបោកគេ
កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយរបស់ Sohu បានរាយការណ៍ថា តារាសម្ដែងតៃវ៉ាន់ Ruby Lin ឬ ចៀវៃ បានចេញបកស្រាយអំពីករណីដែលមាននារីរូបស្អាតម្នាក់ ឈ្មោះថា Holly បានបន្លំធ្វើជាក្មួយស្រីរបស់នាងដើម្បីឆបោកគេ។
ក្នុងនោះ តារាសម្ដែងរូបនេះបានព្រមានថា ៖ «ខ្ញុំអត់មានក្មួយស្រី ឬ ចៅស្រីឈ្មោះ Holly ទេ រឹតតែគ្មានជំនួយការឈ្មោះ San San ទៀត។ សូមប្រយ័ត្ន ក្រែងលោអ្នកត្រូវបានបោកប្រាស់»។
គួរបញ្ជាក់ផងដែរថា នារីស្រស់ស្អាតឈ្មោះ Holly បានបន្លំធ្វើជាក្មួយស្រីរបស់តារាស្រីដ៏ល្បីតៃវ៉ាន់ Ruby Lin ដោយពេលខ្លះបន្លំធ្វើជាក្មួយស្រី និង ពេលខ្លះធ្វើជាអ្នកគ្រប់គ្រងរបស់តារាស្រីរូបនេះ ដើម្បីបោកប្រាស់ម៉ាកយីហោជាច្រើនដែលរួមការងារជាមួយនឹងតារាស្រីរូបនេះ។ ករណីនេះត្រូវបានភាគីតារាស្រី Ruby Lin តាមទាន់នៅពេលដែលម៉ាកយីហោទាំងនោះ បានទាក់ទងទៅនាងដើម្បីផ្ទៀងផ្ទាត់កិច្ចសន្យា។
លើសពីនេះ បើតាមការចុះផ្សាយបន្ថែមទៀតរបស់ ETtoday បានឱ្យដឹងថា Holly បានបន្លំខ្លួនធ្វើជាក្មួយដោយចូលរួមពិធីមង្គលការរបស់តារាសិល្បៈរួមអាជីពជាមួយនឹង Ruby Lin ដើម្បីចូលកម្មវិធី និង ទទួលអំណោយផងដែរ។ ទង្វើទាំងនេះហាក់ដូចជាប្រមាថ និង ឆបោកទំនុកចិត្តដើម្បីចង់បានលុយ៕