កាន់តែក្តៅ! MGT ចាស់ពីរជំនាន់ មិនសុខចិត្តផ្តាំផាំងៗទៅ Engfa ឡើងចាស់ដៃ ជុំវិញរឿងល្អក់កករនឹងលោក Nawat
ថ្មីៗនេះ រឿងរ៉ាវរបស់ម្ចាស់ជ័យលាភី Miss Grand Thailand 2022 កញ្ញា Engfa Waraha បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ហើយក៏បានក្លាយជាប្រធានបទជជែកវែកញែកដ៏ក្តៅគគុកពេញបណ្តាញសង្គម ជាពិសេសក្នុងរង្វង់អ្នកគាំទ្រវិស័យបវរកញ្ញាថៃ។
រឿងមួយនេះកើតឡើងដោយមហាជនបានលើកឡើងថាស្ថាប័ន Miss Grand Thailand បានប្រើតារាស្រី Engfa ខ្លាំងហួសហេតុពេក រហូតធ្វើឱ្យនាងគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយក៏មានការរិះគន់ និង ជេរប្រមាថខ្លាំងៗ ចំពោះប្រធានក្រុមហ៊ុន និង អ្នកពាក់ព័ន្ធមួយចំនួន។
យ៉ាងណាមិញ ក្រោយមក Engfa ក៏បានចេញមុខ Lives បកស្រាយទាំងទឹកភ្នែក ហើយក៏បានចេញមុខសុំទោសដល់លោក Nawat ដែលជាអ្នកគ្រប់គ្រង ព្រមទាំងមិត្តភក្តិជិតស្និទ្ធិ និង រៀមច្បងដែលមកជួបបញ្ហាទាំងនេះដោយសារនាង។
ទោះបីជាយ៉ាងណា បញ្ហាមួយនេះហាក់មិនទាន់បញ្ចប់នៅឡើយទេ ដោយក្រោយមកទៀតគេសង្កេតឃើញមានរៀមច្បង Miss Grand Thailand ពីររូបបានចេញមុខបោះពាក្យសម្តីផ្តាំផ្ញើដល់ Engfa យ៉ាងមួយចាស់ដៃនៅក្នុងបណ្តាញសង្គម Instagram នោះគឺ Faye Malisorn ជ័យលាភី Miss Grand Thailand ឆ្នាំ ២០១៦ និង Coco Arayaha ជ័យលាភី Miss Grand Thailand ឆ្នាំ ២០១៩។
ដោយ Faye បាននិយាយថា ៖ «តាំងពីធ្វើការជាមួយ MGT មក មិនដែលមានមួយពេលសោះឡើយដែលខ្ញុំមានបញ្ហាជាមួយក្រុមហ៊ុន បងប្រុស Nawat ឬ អ្នកផ្សេងៗទៀតគឺតែងតែនៅក្បែរ មិនធ្លាប់បោះបង់ចោលខ្ញុំឡើយ ចេញមុខការពារ មិនដែលបណ្តោយឱ្យខ្ញុំតទល់បញ្ហាតែឯងនោះទេ សូមផ្តាំផ្ញើដល់អ្នកដែលជេរក្រុមហ៊ុន Miss Grand ឬ បងប្រុស Nawat ផងចាស៎ ថាបើមិនដឹងរឿងពិតកុំមកបូរបាច់ ព្រោះលទ្ធផលអាចនឹងធ្លាក់លើមនុស្សដែលអ្នកគ្រប់គ្នាស្រឡាញ់»។
ចំណែកឯ Coco បានពោលថា ៖ «ពេលសម្ភាសប្អូន Engfa នៅក្នុងបន្ទប់ខ្មៅ បងនៅចាំបានប្អូនធ្លាប់ប្រាប់បងថា «ត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតួនាទីជាបវរកញ្ញា ដោយមិនមានពាក្យថានឿយហត់ ដោយសារប្អូនរង់ចាំពេលនេះមកជាយូរហើយ» ចុះហេតុអ្វីថ្ងៃនេះបែរជាប្អូនលើកពាក្យនឿយហត់មកធ្វើជាហេតុផលទៅវិញ? តើខ្ញុំអាចឱ្យប្អូន Engfa ពីមុនមកវិញបានទេ? ប្អូនដែលមករក្សាពាក្យសន្យានៅក្នុងបន្ទប់ខ្មៅ ជាមួយអ្នកគ្រប់គ្រង និង គ្រប់គ្នាអំឡុងពេលប្រកួត»៕