Sririta ទម្លាយមូលហេតុ ដែលជ្រើសវិធីចិញ្ចឹមកូនបែបសាមញ្ញៗតាំងពីក្មេង តែមិនឱ្យលេងដី
អស់រយៈពេលជាង ២ ឆ្នាំហើយ ដែលតារាស្រីលំដាប់ជួរមុខ Sririta Jensen បានដឹកដៃគូស្នេហ៍សេដ្ឋី Korn Narongdej ចូលរោងការ ហើយមានចំណងដៃជីវិតកូនប្រុសដំបូងម្នាក់ដែលគួរឱ្យគ្រឺក្នាញ់ឈ្មោះថា Gavin។
ក្រោយមានកូនប្រុសដំបូង តារាស្រីរូបនេះក៏ហាក់មិនសូវរវីរវល់ជាមួយការងារថតកុនដូចមុនប៉ុន្មានឡើយ ដោយនាងធ្លាប់ចេញមុខទម្លាយថា ចង់ចំណាយពេលនៅជាមួយកូន ហើយមើលថែ និងបង្រៀនកូនដោយផ្ទាល់ឱ្យបានច្រើន។
បើនិយាយពីការមើលថែទុកដាក់កូនចៅ Sririta និង ស្វាមី តែងត្រូវមហាជនលួចកោតសរសើរមិនដាច់ពីមាត់ ព្រោះតែនាង និង ស្វាមី បង្រៀនកូនប្រុសឱ្យរៀនរស់ប្រើជីវិតបែបសាមញ្ញ ហើយឱ្យចេះចែករំលែកតាំងពីវ័យក្មេង បើទោះបីជាក្រុមគ្រួសារមានទ្រព្យសម្បត្តិច្រើន ហើយមានកិត្តិយសខ្ពង់ខ្ពស់ក្តី។
ជុំវិញរឿងនេះ Sririta ក៏បានចេញមុខទម្លាយពីគោលបំណងថា ៖ «ទោះបីឈរលើដីតែមួយ តែមិនមានន័យថាមានការគិតដូចគ្នានោះទេ។ អត្ថន័យនៃការបង្រៀនកូនឱ្យរស់នៅធម្មតារបស់ខ្ញុំ និង ស្វាមី គឺសំដៅទៅដល់ការបង្រៀនឱ្យ Gavin ចេះបន្ទាបខ្លួន ចេះឱ្យតម្លៃមនុស្សជុំវិញខ្លួន និង ចេះចែករំលែក»។
«ការបង្រៀនតាមបែបសាមញ្ញនេះ មិនមែនដូចដែលបងប្អូនមួយចំនួនគិតថាទាល់តែឱ្យគាត់លេងដី រត់លេងប្រឡាក់ប្រឡូក ទើបជាការរស់នៅសាមញ្ញដូចក្មេងដទៃទេ តែគឺចង់ផ្តោតលើគោលគំនិត និងទស្សនៈច្រើនជាង។ ខ្ញុំអរគុណជាខ្លាំងចំពោះការបញ្ចេញមតិយោបល់ ហើយមិនបានខូចចិត្ត និង ខឹងអ្វីទេដែលពួកគាត់យល់ខុស ដោយខ្ញុំដើរលើវិថីនេះយូរហើយ ហើយក៏ជួបច្រើនដូចគ្នា តែគ្រាន់តែចង់បញ្ជាក់ឱ្យពួកគាត់ដឹងថា ក្នុងនាមពួកយើងជាម្តាយឪពុកតែងចង់ផ្តល់អ្វីដែលល្អបំផុតសម្រាប់កូនយើង ហើយសង្ឃឹមថា Gavin នឹងធំឡើងដោយក្តីរីករាយ ហើយស្គាល់ពីតម្លៃនៃមនុស្ស និង របស់ដែលមានជុំវិញខ្លួន»៕