សរសើរទឹកចិត្ត! តិចម៉េង ថា ទោះបីជាដើរលែងរួច ហើយត្រូវលូនទៅរកគោលដៅ ឬ ទៅច្រៀង ក៏មិនរាថយដែរ
មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលរូបលោកពិតជាទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីមហាជនទូទាំងប្រទេស ដែលអាចនិយាយបានថាក្លាយជាអាយដលក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រវិស័យចម្រៀងគ្រប់គ្នា។
ស្របពេលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងបែបនេះ ឃើញថាចាប់តាំងពីប្រឡងចប់ និង ទទួលជោគជ័យក្លាយជាម្ចាស់ពានមក លីម តិចម៉េង ពិតជាមានភាពមមាញឹមខ្លាំងជាមួយនឹងការងារដែលសម្រុកចូលជាបន្តបន្ទាប់ ទាំងការអញ្ជើញចូលរួមកម្មវិធីសម្ភាសផ្សេងៗ ប្រគំតន្រ្តីជាច្រើន ព្រមទាំងកំពុងថតបទចម្រៀង និង MV សឹងតែគ្មានពេលសម្រាកផងដែរ។
ជាមួយគ្នានោះ ខណៈមមាញឹកខ្លាំងនឹងការងារសឹងគ្មានសម្រាក ក៏ទទួលដំណឹងថាអាយដលតូចរូបនេះកំពុងមានបញ្ហាសុខភាពទន់ខ្សោយខ្លាំង ដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកបង្ហាញការបារម្ភពីរូបលោកគ្រប់គ្នាផងដែរ។
ដោយឡែក ថ្មីៗនេះខណៈទទួលបានការព្រួយបារម្ភពីអ្នកគាំទ្ររបស់ខ្លួន លីម តិចម៉េង ក៏បានធ្វើការបង្ហោះសារជូនដំណឹងដល់មហាជនឱ្យដឹងថា ដ្បិដតែពេលនេះសុខភាពរបស់លោកមិនសូវរឹងមាំមែន តែលោកក៏នៅសន្យាថានឹងស៊ូប្រឹងប្រែងបម្រើអារម្មណ៍មហាជនទោះជាទន់ខ្សោយយ៉ាងណាក៏មិនឱ្យអ្នកគាំទ្រខកបំណងឡើយ។
ក្នុងនោះ លីម តិចម៉េង បានរៀបរាប់ថា ៖ «ខ្ញុំបាទសុំចិត្តបងប្អូនដែលស្រឡាញ់ចូលចិត្ត និង មិនចូលចិត្តខ្ញុំទាំងអស់ឱ្យបានជ្រាបថា សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់គ្នា ទាំងអ្នកគាំទ្រ និង មិនគាំទ្រខ្ញុំបាទ ដែលសុខភាព និង រាងកាយខ្ញុំមិនសូវរឹងមាំល្អ ធ្វើឱ្យបងប្អូនបារម្ភ គិតច្រើនពីខ្ញុំ និង អស់សង្ឃឹម តែខ្ញុំសូមជម្រាបថា ទោះបីជាដើរលែងរួចហើយត្រូវលូនទៅរកគោលដៅ ឬ ទៅច្រៀង ក៏ខ្ញុំមិនរាថយឡើយ»៕