ឈរលើវិស័យខុសគ្នា តែបុគ្គល ២ រូបទើបរះនេះ កំពុងកើបបានក្តីស្រឡាញ់ និង ការគាំទ្រខ្លាំងមិនធម្មតា
បច្ចុប្បន្ននេះ មិនថានៅលើវិស័យចម្រៀង និង នៅលើវិស័យបវរកញ្ញានោះទេ គេកំពុងសង្កេតឃើញមានសន្ទុះគាំទ្រយ៉ាងខ្លាំង ហើយក្នុងវិស័យពីរនេះដែរ ថ្មីៗនេះគេបានសម្លឹងមើលឃើញបុគ្គល ២ រូប កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារប្រជាប្រិយភាព និង ការគោរពស្រឡាញ់ពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ តើបុគ្គល ២ រូបនោះ ជានរណា? តាមដានជាប្រជាប្រិយដូចខាងក្រោម ៖
១. ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា គឺជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ ២០២២ ដ៏មានគុណភាពម្នាក់ ដែលពេលនេះកញ្ញាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងប្រទេស ពិសេសអ្នកគាំទ្រលើវិស័យបវរកញ្ញានេះតែម្តង។ មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសប៉ុណ្ណេះទេ ប្រជាប្រិយភាពរបស់បវរកញ្ញា ហង្ស ម៉ានីតា ក៏បានសាយភាយខ្លាំងដល់បរទេសទៀតផង តួយ៉ាងដូចជានៅក្នុងប្រទេសហ្វ៊ីលីពីន។
ជាការពិតណាស់ កញ្ញា ហង្ស ម៉ានីតា ត្រូវបានប្រជាជនប្រទេសហ្វ៊ីលីពីន ផ្តល់តម្លៃ និង គោរពស្រឡាញ់យ៉ាងច្រើន មិនតែប៉ុណ្ណោះពួកគេថែមទាំងបានធ្វើផ្ទាំងបដាដ៏ធំដាក់រូបកញ្ញា ហង្ស ម៉ានីតា ជាច្រើន ដើម្បីទទួលស្វាគមន៍កញ្ញាក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសរបស់គេទៀតផង។
២. លីម តិចម៉េង
កំលោះតូច លីម តិចម៉េង គឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូលកាលទី ៤ ដ៏មានប្រជាប្រិយភាពម្នាក់។ កំលោះតូចរូបនេះ ត្រូវបានគេកត់សម្គាល់ថា ទាំងក្នុងពេលប្រកួត និង ក្រោយទទួលបានជ័យលាភីនោះ រូបគេបានសាងប្រជាប្រិយ និង រូបភាពគួរឱ្យស្រឡាញពេញចិត្តយ៉ាងច្រើន រហូតប្រមូលបានអ្នកគាំទ្រសឹងតែគ្រប់វ័យ ដែលជាក់ស្តែងនោះ រាល់ពេលគេឃើញកំលោះតូច តិចម៉េង ទៅចូលរួមក្នុងកម្មវិធីកម្សាន្តណាមួយនោះ គេឃើញមានអ្នកគាំទ្រតាមចោមរោមផ្តល់ភាពកក់ក្តៅជានិច្ច។
កាន់តែឃើញច្បាស់ពីការគាំទ្រស្រឡាញ់លើកំលោះតូច លីម តិចម៉េង ទៀតនោះ គឺបន្ទាប់ពីរូបគេបានចេញបទចម្រៀងថ្មីលើកដំបូង គឺបទ «អរគុណ Fan» ដែលតាមរយៈបទនេះ បានធ្វើឱ្យ លីម តិចម៉េង ក្តោបបានក្តីស្រឡាញ់ និង ការគាំទ្រកាន់តែខ្លាំងឡើង៕