ក្រោយផ្ទុះរឿងអាស្រូវ ប្រ៊េនល្បីធំៗជាង ១៣ ប្រ៊េន សម្រុកផ្តាច់កុងត្រាពី Li Yifeng ខ្ទេច
កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យកក្រើកសិល្បៈចិនម្តងទៀតហើយ ក្រោយតារាសម្តែងប្រុសល្បីលោក Li Yifeng អាយុ ៣៥ ឆ្នាំ ត្រូវបានគេចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការប្រើប្រាស់សេវាកម្មពេស្យាចារខុសច្បាប់ជាច្រើនដង ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ខ្ពៀកត្រឹមមួយរំពេច។
យ៉ាងណាមិញ មកទល់ពេលនេះ តារាប្រុសរូបនេះក៏ត្រូវបានប៉ូលិសក្រុងប៉េកាំងបញ្ជាក់ពីការឃាត់ខ្លួនជាផ្លូវការហើយ ហើយលើសពីនេះទៅទៀតបើតាមព័ត៌មានឱ្យដឹង តារាប្រុសរូបនេះក៏បានសារភាពហើយថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតប្រាកដមែន។
ដោយឡែក ក្រៅពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពធ្លាក់ដល់ដីហើយ សូម្បីតែឆ្នាំងបាយជាចំណូល ដែល Li Yifeng បានមកពីការផ្សព្វផ្សាយនឹងតំណាងឱ្យប្រ៊នល្បីៗ ក៏ដូចជាការលេចមុននៅតាមបុស្តិ៍ទូរទស្សន៍ និងរឿងភាគផ្សេងៗក៏ត្រូវបានកាត់ផ្តាច់ដូចគ្នា។
ក្នុងនោះ រឿងភាគរបស់លោកទាំងប៉ុន្មាន ត្រូវបានគេដកចេញពីបណ្តាញសង្គមផ្សព្វផ្សាយ មហាជនជាង ៣០០ ០០០ នាក់ នាំគ្នាទៅចុច unfollow លោកនៅតាមបណ្តាញសង្គម គិតត្រឹមតែរយៈពេលមួយថ្ងៃនៃការផ្ទុះរឿងអាស្រូវប៉ុណ្ណោះ។
លើសពីទៅទៀត សូម្បីតែប្រ៊េនធំៗល្បីដូចជា Budweiser, L’oreal Paris, King To Nin Jiom, Prada, Rémy Martin, Lukfook Jewelry, Honma Golf Sensodyne ក៏បាននាំគ្នាផ្តាច់ការសហការ និងកុងត្រាជាមួយលោកទាំងអស់ផងដែរ។ ដោយឡែក លោកក៏ត្រូវបានគេដឹងថា ប្រហែលត្រូវមានការសងសំណងទៅប្រ៊េនទាំងនោះវិញដូចគ្នា ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ថាត្រូវនឹងទឹកប្រាក់ប៉ុន្មាននោះទេ៕