ផ្ទុះការសង្ស័យ Chutimon និង Pop មានទំនាក់ទំនងលើសពីដៃគូសម្ដែង និង មិត្តភក្តិ ក្រោយលេចភស្តុតាងនេះ
ពេលនេះតារាស្រីស្រស់ Chutimon Chueng Charoensukying និង តារាប្រុសរូបសង្ហា Pop Thatchathon Subanun កំពុងតែក្លាយជាដៃគូសម្ដែងដ៏ស័ក្តិសមជាមួយគ្នា។ សម្រាប់សមត្ថភាពសម្ដែងរបស់តារាស្រីប្រុសគូនេះ ហាក់ជាធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង រហូតផ្ទុះការសរសើរមិនដាច់ពីមាត់។
ក្រៅពីសកម្មភាពជាដៃគូសម្ដែង មហាជនហាក់ចាប់អារម្មណ៍ពីទំនាក់ទំនងក្រៅឆាករបស់តារាស្រី Chutimon និង តារាប្រុស Pop ជាខ្លាំង ដោយហេតុថាជារឿយៗតារាប្រុសស្រីគូនេះតែងបានបង្ហាញសកម្មភាពស្អិតល្មួតជាមួយគ្នា ទៅណាមកណាក៏បណ្ដើរគ្នាថែមទាំងបង្ហោះរូបភាពផ្អែមល្ហែមលើបណ្ដាញសង្គមអ៊ីនស្តាក្រាមទៀត។
ក្រោយពីឃើញទំនាក់ទំនងនេះ បាននាំឱ្យមហាជនជាច្រើននាំគ្នាសង្ស័យថា តារាស្រីប្រុសគូនេះអាចនឹងមានទំនាក់ទំនងលើសពីដៃគូសម្ដែង និង មិត្តភក្តិ។ ដោយឡែក ងាកទៅមើលតារាស្រី Chutimon ឯណោះវិញ ខណៈដែលមានមហាជនជាច្រើនបានដាក់ការសង្ស័យនាង និង តារាប្រុស Pop បែបនោះ នាងក៏បានចេញមកទម្លាយថា ៖ «នាង និង តារាប្រុស Pop ស្គាល់គ្នាតាំងតែរៀននៅសាកលវិទ្យាល័យមកម៉្លេះ តែបើសួរនាងថាអាចប្តូរពីមិត្តទៅជាសង្សារ នាងមិនអាចឆ្លើយបានទេ គឺនាងឱ្យមហាជនទៅសួរតារាប្រុស Pop មុនសិនចុះ»។
ទន្ទឹមនឹងការបង្ហើបបែបនេះពីតារាស្រី Chutimon ហាក់នៅតែធ្វើឱ្យមហាជននៅតែមានសង្ឃឹមថា អ្នកទាំងក៏អាចក្លាយជាគូស្នេហ៍នឹងគ្នាមែន ព្រោះតារាស្រី Chutimon ឆ្លើយទាំងអៀនប្រៀន និង រុញទៅឱ្យ Pop ជាអ្នកឆ្លើយ។ យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហើបពីតារាស្រី Chutimon ប៉ុណ្ណោះ ដូចនេះមានតែរង់ចាំស្ដាប់ពីតារាប្រុស Pop បន្តថានឹងយ៉ាងណាទៀត៕