តែងខ្លួនចេញមួយកម្មវិធីនេះ Rosé ធ្វើឱ្យគេស្រឡាំងកាំងព្រាត ព្រោះជះសម្រស់ដូចស្រីសួគ៌
ក្រោយពីបានត្រលប់មកវិញជាមួយចម្រៀងទោលថ្មី កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមចម្រៀងនារីល្បី BLACKPINK ក៏បានត្រៀមបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួនទៀតហើយ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបរំជើបរំជួលខ្លាំងណាស់។
យ៉ាងណាមិញ ក្នុងការត្រលប់មកវិញលើកនេះ ក្រៅពីមានភាពមមាញឹកជាក្រុមហើយ សមាជិកម្នាក់ៗក៏មានការមមាញឹករៀងៗខ្លួនដូចគ្នា ជាពិសេសគឺជាមួយនឹងការចេញកម្មវិធីហ្វេសសិនរបស់ប្រ៊េនល្បីធំៗ។
ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីត្រលប់មកពីសហរដ្ឋអាមេរិកវិញ ស្រីស្រស់ Rosé ក៏ត្រូវបានគេឃើញមានវត្តមាននៅក្នុងប្រទេសជប៉ុនទៀតផង ដោយនាងបានមកចូលរួមកម្មវិធីហ្វេសសិនគ្រឿងអលង្ការ the 2022 Blue Book Botanica High Jewelry Event Gala របស់ប្រ៊េនអលង្ការល្បី Tiffany & Co ក្នុងនាមជាទូតសុឆន្ទៈមួយរូប។
ក្នុងកម្មវិធីមួយនេះ ស្រីស្រស់ Rosé ពិតជាទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាបេះដូងរបស់មហាជនអ្នកគាំទ្រនៅតាមបណ្តាញសង្គមច្រើនណាស់ ព្រោះនាងមើលទៅស្រស់ស្អាតខ្លាំងទាក់ភ្នែកចាប់ចិត្ត យ៉ាងមិនគួរឱ្យជឿតែម្តង។ ក្នុងនោះ Rosé បានបង្ហាញខ្លួនយ៉ាងស្រទន់មានមន្តស្នេហ៍ក្នុងឈុតពណ៌ស វាលស្មា មានម៉ូដវែងអូសដី ព្រមជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ រំលេចជើងសវែងស្រឡូនទាំងគូ ស័ក្តិសមឥតខ្ចោះរកកន្លែងទាស់គ្មាន។
លើសពីនេះទៅទៀត ក្នុងនោះ Rosé ក៏បានលេងខ្លួនជាមួយនឹងគ្រឿងអលង្ការស្រស់ស្អាតមួយចំនួនផងដែរ ដែលជាប្រ៊េនរបស់ Tiffany & Co ផ្ទាល់ ត្រូវបានគេដឹងថាមានតម្លៃសរុបរហូតទៅដល់ ២.៥៧ លានដុល្លារឯណោះ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រនៅតែមិនអស់ចិត្តជាមួយនឹងសម្រស់ដ៏ស្រទន់ចែងចាំងរបស់ Rosé នៅក្នុងកម្មវិធីនេះឡើយ ហើយគេក៏ភ្ញាក់ផ្អើលដូចគ្នាជាមួយនឹងតម្លៃគ្រឿងអលង្ការរបស់នាងផងដែរ៕