ស្ដែងៗណាស់ Anna ទម្លាយឡើងព្រឺសម្បុរថា Tangmo មកពន្យល់សប្ដិនាង
បើគិតមកទល់ពេលនេះ អស់រយៈពេលជាខែទៅហើយ ដែលតារាស្រី Tangmo បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ និង មិត្តជាទីស្រឡាញ់ បន្ទាប់ពីនាងបានជួបហេតុការដ៏រន្ធត់ធ្លាក់នៅក្នុងទន្លេចៅផាយ៉ាស្លាប់យ៉ាងតក់ស្លុតយ៉ាងខ្លាំង។
យ៉ាងណាមិញ បើទោះបីជានាងបានឃ្លាតឆ្ងាយទៅដោយគ្មានថ្ងៃត្រឡប់ក៏ពិតមែន តែសម្រាប់មហាជន គ្រួសារ និង មិត្តភក្តិរបស់នាងនៅតែបង្ហោះសារនឹករលឹកដល់នាងជានិច្ច។ ពិសេស រូបភាព និង ការចងចាំរបស់នាងទាំងប៉ុន្មាន ក៏នៅដក់ជាប់នៅក្នុងចិត្តគ្រប់គ្នាគ្មានថ្ងៃបំភ្លេចដែរ។
លើសពីនេះទៅទៀត បើងាកមកមើល Anna ដែលជាមិត្តជំនិត Tangmo វិញ ឃើញថា នាងតែងទៅធ្វើបុណ្យឧទ្ទិសឱ្យមិត្តសម្លាញ់ស្ទើររាល់ថ្ងៃ។ ពិសេស ថ្មីៗនេះ នាងថែមទាំងបង្ហើបថា Tangmo បានមកពន្យល់សប្ដិប្រាប់នាងថា ៖ «ឯងពូកែណាស់ Anna ខ្ញុំមោទនភាពចំពោះឯង។ ហើយមិនបាច់បារម្ភខ្ញុំទេ ខ្ញុំសុខសប្បាយទេ ឈប់គិតច្រើន និង ខ្វាយខ្វល់ទៀតដឹងទេ»។
Anna ទម្លាយទៀតថា នាងពិតជាសប្បាយចិត្តណាស់ ព្រោះអស់ពេលជាយូរមកហើយ ដែលនាងមិនដែលបានឃើញមុខមិត្តសម្លាញ់ ដែលសូម្បីតែយល់សប្ដិក៏មិនដែលឃើញ តែពេលនេះ នាងមកយល់សប្តិឱ្យបែបនេះ នាងពិតជារំភើបខ្លាំងស្ទើរតែនិយាយអ្វីមិនចេញតែម្តង៕