ផ្អែមណាស់! គ្រាន់តែ Nikki និយាយប៉ុន្មានម៉ាត់នេះទៅគូស្នេហ៍ អ្នកគាំទ្រនាំគ្នារម៉ិករមួលខ្លួនព្រាត
ដូចអ្នកគាំទ្របានដឹងមកហើយ កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀង Original Song កញ្ញា Nikki Nikki បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រដោយការចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តក្នុង-ក្រៅសិល្បៈរបស់កញ្ញា Nikki Nikki ជាច្រើនទៀតផង។
ក្រោយពីបញ្ចប់កម្មវិធីជួបជុំអ្នកគាំទ្រប្រមាណ ៥ ថ្ងៃ កញ្ញា Nikki Nikki ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកក្នុងទិដ្ឋភាពដ៏រីករាយរបស់ខ្លួន ដោយមានរូបភាពរបស់អ្នកគាំទ្រជាច្រើនត្រូវបានបង្ហោះឡើងក្នុងបរិយាកាសយ៉ាងរំភើបរីករាយ ពោរពេញដោយស្នាមញញឹម។
យ៉ាងណាមិញ ក្រោយពីរូបភាពបានបង្ហោះឡើង អ្វីដែលត្រូវបានមហាជនចាប់អារម្មណ៍នោះ គឺក្រោយពីកញ្ញា Nikki Nikki បានសរសេរថា ៖ «អរគុណព្រះស្វាមី Matt Baddley! ពេលណាធុញមុខខ្ញុំ?»។ ពាក្យប៉ុន្មានឃ្លានេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិលួចច្រណែន និង សរសើរពីស្នេហារបស់កញ្ញា Nikki Nikki និង គូស្នេហ៍ជាបរទេសពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំង។
ជាការពិត គូស្នេហ៍របស់កញ្ញា Nikki Nikki ត្រូវបានគេស្គាល់ថាជាអ្នកថតរូបអាជីព និង ជាម្ចាស់ក្រុមហ៊ុនថតរូបដ៏ល្បី SNAPP MEDIA ដោយអ្នកទាំង ២ បានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ។ ជាងនេះទៅទៀត ដោយមានគូស្នេហ៍ជាជាងថតចំណានផងនោះ រាល់កម្មវិធីដែលកញ្ញា Nikki Nikki សម្បូរទៅដោយរូបភាពដ៏ស្រស់ស្អាតជាស្នាដៃម្ចាស់ចិត្តរបស់នាង៕
រូបភាព៖ SNAPP MEDIA