អតីតសង្សារ នាយចឺម ឈឺចិត្តខ្លាំងដល់ថ្នាក់បង្ហោះថា គេក្បត់មធ្យម ងំត្រូវគេទម្លាក់កំហុសលើទៀត
ស្នេហាជាង ១ ឆ្នាំរវាងតារាចម្រៀង នាយចឺម និង អ្នកមេម៉ាយរូបស្រស់ សេង សុខឃីម បានដើរដល់ផ្លូវបំបែកហើយ បន្ទាប់ពីអ្នកនាង សេង សុខឃីម បានបង្ហោះសារប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថា ស្នេហាពួកគេបានបែកបាក់គ្នាហើយ។
ដ្បិតថានៅក្នុងសារប្រកាសចែកផ្លូវគ្នានោះ អ្នកនាង សេង សុខឃីម មិនបានលើកឡើងពីមូលហេតុច្បាស់បណ្ដាលឱ្យចំណងស្នេហ៍របស់ពួកគេជួបភាពរកាំរកូសរហូតសម្រេចចិត្តដើរផ្លូវរៀងខ្លួននោះទេ ប៉ុន្ដែជារឿយៗមកនេះ អ្នកមេម៉ាយសាច់សខ្ចីខាងលើបានបង្ហោះសារហាក់បង្ហាញដំរួយថា អ្នកទាំងពីរបែកគ្នាដោយសារ នាយចឺម ក្បត់ចិត្តនាងទៅមានអ្នកថ្មី។
រហូតមកដល់ពេលនេះ នាយចឺម នៅតែមិនទាន់បកស្រាយអ្វីពីចំណងស្នេហ៍ប្រេះឆារវាងខ្លួន និង អ្នកមេម៉ាយរូបស្រស់ខាងលើឡើយ គ្រាន់តែកន្លងមកតារាប្រុសរូបនេះលើកឡើងក្នុងន័យថាគ្មានអ្នកណាដឹងច្បាស់ជាងសាមីខ្លួននោះទេ ខណៈមានអ្នកលេងបណ្ដាញសង្គមមួយចំនួនដាក់បន្ទុកថាការបែកគ្នាលើកនេះគឺព្រោះតែ នាយចឺម។
ទោះជាបែបនេះ ស្រាប់តែថ្ងៃទី ៨ ខែកញ្ញា អ្នកនាង សេង សុខឃីម បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុក ដែលសារនោះមានអត្ថន័យហាក់ដូចជាចង់បញ្ជាក់ថានាងត្រូវគេក្បត់ចិត្តថា ៖ «ក្បត់មធ្យម ងំទំលាក់កំហុសលើខ្ញុំមិនល្អ លើព្រហ្មលិខិតកំណត់ទៀត ហាមាត់យាយបាន មិនចេះខ្មាសពិភពលោកនេះសោះ»៕