ល្បីរឿងចិត្តសាវ៉ាមានសង្សារជួបបែកៗមិនចេះតិច ស្រាប់តែ នាយចឺម ដាក់ ៣ សំណួរវិញគាំងស្ដូក
ចាប់តាំងពីធ្លាយដំណឹងបែកពីអ្នកមេម៉ាយកូនមួយ សេង សុខឃីម ដែលជាសង្សារទី ៤ មក តារាចម្រៀងវ័យក្មេង នាយចឺម កាន់តែត្រូវមហាជនមួយចំនួនដាក់បន្ទុកថាលោកជាបុរសសាវ៉ាបែកមួយយកមួយ គ្មានចិត្តស្មោះស្រឡាញ់មនុស្សស្រីបានតែមួយឆាវ មានស្នេហាភ្លើងចំបើងផ្អែមល្ហែមតែមួយភ្លែតក្រោយមកក៏ដោះដៃរកអ្នកថ្មីជាដើម។
មូលហេតុដែលអ្នកលេងហ្វេសប៊ុកមួយចំនួនបញ្ចេញយោបល់ដាក់បន្ទុកទៅលើ នាយចឺម ជាបុរសខូចខិលរឿងស្រីញីបែបនេះ ក៏ព្រោះតែកន្លងមក នាយចឺម ចូលចិត្តលេងសើចញ៉េះញ៉ោះស្រីៗទោះបីជាខ្លួនមានសង្សាររួចហើយក៏ដោយ ហើយលើសពីនេះត្រឹមអាយុ ២៤ ឆ្នាំតារាចម្រៀងវ័យក្មេងមកពីខេត្តកំពង់ស្ពឺខាងលើ បានឆ្លងកាត់ស្នេហាជួបបែក ៤ លើកទៅហើយ ដោយអតីតសង្សារលោកសុទ្ធតែជាស្រីស្អាតសាច់សខ្ចី។
ពាក់ព័ន្ធនឹងពាក្យចោទប្រកាន់ពីមហាជនមួយចំនួននេះដែរ នាយចឺម មិនបានចេញមុខបកស្រាយអ្វីច្រើនឡើយ ទើបតែថ្មីៗនេះ នាយចឺម បានឆ្លើយតបទៅអ្នកខំមិនក្រោមការផុសរបស់លោក ដោយតារាប្រុសរូបនេះបានលើកឡើងថា ៖ «ហេតុអីបាននិយាយអ៊ីចឹង អ្នកគិតមែនថាមនុស្សខ្ញុំ និង ចរិតខ្ញុំដូចជាអ្នកគិតនោះ ច្បាស់ទេ? ធ្លាប់ជួបខ្ញុំទេ? ធ្លាប់រស់នៅជាមួយខ្ញុំទេ?»។
នាយចឺម មិនបានបកស្រាយពីមូលហេតុនៃការបែកបាក់ស្នេហ៍ ក៏មិនប្រកែកចំពោះពាក្យចោទប្រកាន់មកលើខ្លួន បែរជាសួរ ៣ សំណួរយ៉ាងចាក់ដោតនេះទៅអ្នកដែលវាយតម្លៃលោកទាំងមិនដឹងរឿងរ៉ាវពិតប្រាកដយ៉ាងណាខ្លះ៕