ឃើញរស់នៅក្នុងជីវិតអភិជន តែក្រោយខ្នង សុគន្ធ ថេរ៉ាយុ ហាក់លាក់បញ្ហាតែម្នាក់ឯង
តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ សុគន្ធ ថេរ៉ាយុ កន្លងមកតែងតែត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមលើកសរសើរពីជីវិតស៊ីវិល័យរស់នៅក្នុងជីវភាពសម្បូរសប្បាយទាំងវ័យក្មេង ដោយតារាប្រុសរូបនេះប្រើប្រាស់របស់របរទំនើបម៉ាកល្បី ជិះសុទ្ធរថយន្តទំនើប រស់នៅក្នុងផ្ទះធំស្ដុកស្ដម្ភ។
ដ្បិតថានៅវ័យក្មេង សុគន្ធ ថេរ៉ាយុ មានជីវិតដ៏ស៊ីវិល័យដែលមនុស្សជាច្រើនប្រាថ្នាចង់បាន ប៉ុន្ដែជារឿយៗតារាប្រុសរូបនេះតែងបង្ហោះសារក្រៀមក្រំ នៅលើបណ្ដាញសង្គម ហាក់បីដូចជាលោកកំពុងលាក់បញ្ហានៅក្នុងចិត្តដ៏ធំ តែមិនបង្ហាញឱ្យអ្នកក្បែរខ្លួនបានដឹង។
និយាយដល់ការបង្ហោះសារក្រៀមក្រំ ថ្មីៗនេះតារាចម្រៀងប្រុសប្រចាំផលិតកម្មថោនខាងលើ បានបង្ហោះសារមានអត្ថន័យយ៉ាងចាក់ដោតថា ៖ «គ្មាននរណាម្នាក់ អាចដឹងពីបញ្ហាទាំងអស់ក្នុងជីវិតយើងឡើយ ហើយក៏គ្មានអ្នកណា អាចយល់ពីយើងច្បាស់ជាងយើងខ្លួនឯងដែរ … មានតែយើងខ្លួនឯងទេ ដែលដឹងច្រើនជាងគេ ល្អ ឬអាក្រក់ ទទួលយកបាន ឬអត់ ទ្រាំបានកម្រិតណា គឺស្ថិតនៅលើយើងខ្លួនឯងនេះហើយ …!!»។
នេះមិនមែនទើបតែលើកដំបូងទេដែលគេឃើញ សុគន្ធ ថេរ៉ាយុ បង្ហោះសារក្រៀមក្រំបែបនេះលើហ្វេសប៊ុក តែយ៉ាងណាក្នុងនោះក៏មានមិត្តភក្ដិ និង អ្នកគាំទ្រជួយបញ្ចេញយោបល់លើកទឹកចិត្តដល់លោកជាច្រើនផងដែរ៕