ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! គណៈកម្មការ Cambodian Idol ៣ រូប មានឈាមជ័រតពីឪពុកម្តាយជាអ្នកសិល្បៈ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Cambodian Idol រដូវកាលទី ៤ នឹងមកដល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ដោយក្នុងនោះបេក្ខភាពចុងក្រោយ ៤ រូប នឹងត្រៀមដណ្តើមយកពានរង្វាន់ផងដែរ។
កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ នេះ ត្រូវបានមហាជនកត់សម្គាល់ឃើញថាមានសន្ទុះ និង ផ្ទុះការគាំទ្រខ្លាំងជាងឆ្នាំមុនៗ ដោយសារតែបេក្ខភាពចូលរួមតាំងវគ្គដំបូងមកដល់ពេលនេះ គឺសុទ្ធតែជាជើងខ្លាំង។ លើសពីនោះ បើក្រឡេកទៅមើលគណៈកម្មការវិញ ក៏សុទ្ធសឹងតែជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដ៏មានបទពិសោធខ្ពស់។
ក្រឡេកមកមើលគណៈកម្មការ ៣ រូប ក្នុងចំណោម ៤ រូប នៃកម្មវិធីខាងលើនេះ មានអ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន ត្រូវមហាជនបានចាប់អារម្មណ៍ឃើញថា គណៈកម្មការជាតារាចម្រៀងល្បីឈ្មោះទាំង ៣ រូប នេះ គឺសុទ្ធសឹងតែមានប្រវត្តិកើតចេញពីត្រកូលគ្រួសារ ដែលមានឪពុកម្តាយជាអ្នកសិល្បៈដូចគ្នា។
១. អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារមកម្ល៉េះ។ អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែមានទេពកោសល្យផ្នែកច្រៀងនោះឡើយ តែអ្នកនាងក៏មានជំនាញផ្នែករបាំបុរាណផងដែរ។ អ្នកនាង ឱក សុគន្ធកញ្ញា កើតចេញពីគ្រួសារអ្នកសិល្បៈដោយមានឪពុកឈ្មោះ ឱក បូនី គឺជាតន្ត្រីករផ្នែកបុរាណ និង ម្តាយឈ្មោះ អ៊ីន សុគន្ធ គឺជាអតីតគ្រូបង្រៀន និង ជាអតីតសាស្ត្រាចារ្យរបាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
២. លោក ណុប បាយ៉ារិទ្ធ
បើទោះជាឪពុកម្តាយមិនមែនជាតារាចម្រៀង ឬ តារាសម្តែងក៏ពិតមែន តែលោក ណុប បាយ៉ារិទ្ធ ក៏កើតចេញពីត្រកូលអ្នកសិល្បៈ ដោយលោកឪពុកឈ្មោះ ណុប សម្បត្តិ ជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់ អ្នកនិពន្ធ ដឹកនាំរឿង និង ជាមន្ត្រីក្រសួងវប្បធម៌ រីឯអ្នកម្តាយឈ្មោះ សំកុល សុភាវី ជាអ្នកនិពន្ធ។
៣. កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន អាចចាត់ទុកជាសិស្សប្អូនក្នុងចំណោមគណៈកម្មការ Cambodian Idol រដូវកាលទី ៤ ដោយកញ្ញាទើបតែក្តោបបានតំណែងដ៏ពិសេសក្នុងឆ្នាំនេះ។ កញ្ញា សុខ សីឡាលីន ក៏ជាកូនអ្នកសិល្បៈដោយលោកឪពុករបស់កញ្ញាកាលនៅរស់គឺជាតន្ត្រីករផ្នែកហ្គីតាសូឡូ គឺលោក ទិត្យ សុផាត៕