ហាក់ស្ងប់ស្ងាត់ពីសិល្បៈ សុខ សេរីវឌ្ឍនា បែរជាមកធ្វើរឿងគួរឱ្យចាប់អារម្មណ៍នេះវិញ
មហាជនធ្លាប់តាមដានកម្មវិធីតន្ត្រីរបស់ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កាលពីប្រមាណ ១០ ឆ្នាំ មុន ច្បាស់ជាបានទស្សនាហើយកម្មវិធី «តន្ត្រីយុវវ័យ» ដែលមានលោក សុខ សេរីវឌ្ឍនា ជាពិធីករដែលទទួលបានប្រជាប្រិយភាពខ្លាំង។
យ៉ាងណាមិញរយៈពេលចុងក្រោយនេះ មហាជនហាក់ស្ងាត់វត្តមានរបស់ពិធីកររូបសង្ហារ លោក សុខ សេរីវឌ្ឍនា ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង Step នៅលើកញ្ចក់ទូរទស្សន៍កម្មវិធីនានា ដោយគេបានដឹងថាកម្មវិធីលោកបានធ្វើជាពិធីករកាលពីអំឡុងឆ្នាំ ២០១៨ គឺកម្មវិធី «កំណប់អារម្មណ៍» មានការផលិតដោយលោក ហ្វៃ សំអាង។
ជាក់ស្តែង បើទោះបាត់វត្តមានលើឆាកតន្ត្រី និង កម្មវិធីសិល្បៈនានាក៏ពិតមែន ប៉ុន្តែលោក សុខ សេរីវឌ្ឍនា ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រតាមដានជីវិតឯកជនរបស់លោកជារៀងរាល់ថ្ងៃ តាមរយៈបណ្តាញសង្គមនានា ដូចជា ហ្វេសប៊ុក Tik Tok Instagram និង Youtube ជាដើម។
ក្នុងនោះ ក្រោយពីស្ងាត់ឈឹងលើវិថីសិល្បៈ លោក សុខ សេរីវឌ្ឍនា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក៏ព្រោះលោកបានបង្ហាញវត្តមានក្នុងការលើកយកនូវផ្នត់គំនិតពាក់ព័ន្ធនឹងស្នេហា ការរកស៊ី ការរស់នៅ ការលើកទឹកចិត្ត មកនិយាយនៅលើគណនី Youtube របស់លោក។ ជាងនេះទៅទៀត បើក្រឡេកទៅមើលគណនីហ្វេសប៊ុកវិញ គឺលោក សុខ សេរីវឌ្ឍនា បានចាយពេលវេលាដើរកម្សាន្តស្ទើរគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តិតយករូបភាពស្អាតៗមកបង្ហាញជូនដល់អ្នកគាំទ្រទៀតផង៕