បុរសកម្សត់ស្នេហ៍! Lee Minho ត្រឹម ១ ឆ្នាំសោះ តួស្រី ៣ នាក់ធ្លាប់សម្ដែងជាមួយ ការចោលព្រាត
ជឿជាក់ថា ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបច្បាស់ហើយ មួយរយៈចុងក្រោយនេះ តារាកូរ៉េស្រីជាច្រើនរូប បានចូលរោងការជាបន្តបន្ទាប់គិតត្រឹមឆ្នាំ ២០២២ នេះ។
យ៉ាងណាមិញ ក្នុងចំណោមតារាស្រីទាំងនោះ គេសង្កេតឃើញថា មានតារាសម្ដែងស្រីចំនួន ៣ រូប ដែលសុទ្ធសឹងតែជាតួឯកស្រី ដែលធ្លាប់សម្ដែងជាគូស្នេហ៍របស់តារាសម្ដែងមុខស្រស់ ដ៏មានប្រជាប្រិយភាពខ្លាំងស្ទើរពាសពេញសកលលោកគឺ លោក Lee Minho។
គួរឱ្យដឹងផងដែរថា តារាស្រីទាំង ៣ នោះមានដូចជា៖ តារាសម្ដែង Park Shinhye តារាសម្ដែង Son Yejin និង តារាសម្ដែង Gong Hyojin។
១. តារាសម្ដែង Park Shinhye
ដូចដែលប្រិយមិត្តស្គាល់ច្បាស់ហើយ តារាស្រី Park Shinhye គឺជាអតីតគូស្នេហ៍របស់ Lee Minho នៅក្នុងរឿង «The Heirs» ដែលបញ្ចាំងកាលពីឆ្នាំ ២០១៣។ ដោយឡែក កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ Park Shinhye បានរៀបការជាមួយនឹងតារាសម្ដែងលោក Choi Taejoon ហើយបច្ចុប្បន្នអ្នកទាំងពីរ ក៏ទទួលបានបុត្រាមួយជាចំណងដៃផងដែរ។
២. តារាសម្ដែង Son Yejin
រីឯ តារាស្រី Son Yejin ដែលជាតួស្រីរបស់ Lee Minho ក្នុងរឿង «Personal Taste» បច្ចុប្បន្ននាង កំពុងតែត្រៀមខ្លួនជាម្តាយរបស់គេដូចគ្នា។ នាងបានរៀបការជាមួយតារាសម្ដែងប្រុស Hyun Bin កាលពីដើមខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
៣. តារាសម្ដែង Gong Hyojin
ចំណែកឯ ថ្មីៗនេះវិញ តារាសម្ដែងស្រី Gong Hyojin បានប្រកាសពីគម្រោងរៀបការរបស់នាងជាមួយមិត្តប្រុស គឺលោក Kevin Oh នៅក្នុងខែ តុលា ឆ្នាំ២០២២ នេះ។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្នតារាស្រី Gong Hyojin កំពុងតែថតរឿងមួយ ដែលមានចំណងជើងថា «Ask the Stars» ដែលជាតួឯកជាមួយនឹងលោក Lee Minho និង កំពុងតែត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផងដែរ៕