លេងឈុតធំ! ទេព បូព្រឹក្ស និង ជី ដេវីដ រៀបចំកម្មវិធីជួបជុំអ្នកគាំទ្របន្តបន្ទាប់
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងជាគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ កាន់តែទទួលបានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់មហាជនអ្នកគាំទ្រ មិនថាតែរឿងការងារសិល្បៈ ឬ ជីវិតឯកជននោះឡើយ។
ជាការពិតក្រៅពីបង្ហាញជីវិតឯកជន យ៉ាងអភិនជន ក្នុងនាមជាថៅកែប្រុសស្រីទាំងវ័យក្មេង មានឡានទំនើប ផ្ទះវីឡាច្រើនកន្លែងផងនោះ កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ ក៏បានធ្វើឱ្យវិស័យសិល្បៈកក្រើកយ៉ាងខ្លាំងកាលពីចុងឆ្នាំ ២០២១ ដោយបានបញ្ចេញ MV «វីរនារី» ឬ «Top of The Lady» ជាការបកស្រាយដោយកញ្ញា ទេព បូព្រឹក្ស ។ ជាងនេះទៅទៀត មកដល់ឆ្នាំ ២០២២ នេះ គូស្នហ៍ខាងលើនេះ ក៏បានបង្ហាញស្នាដៃដ៏ថ្មីស្រឡាងជាថ្មីជាបន្តបន្ទាប់ ក៏ដូចជាមានការជួបជុំអ្នកគាំទ្រទៀតផង។
កាលពីអំឡុង ខែកក្កដា គឺលោក ងួន ចាន់ដេវីដ បានរៀបចំសម្ពោធ Album ចម្រៀងថ្មី «Passion» ដែលបានដាក់ឈ្មោះកម្មវិធីជប់លៀងថា «FFF Party» ដោយមានការជួបជុំអ្នកគាំទ្រ មិត្តភក្តិ និង មនុស្សជិតស្និទ្ធប្រមាណជា ២០០ នាក់។ លុះមកដល់ដើមខែសីហា លោកក៏បានថត MV ចម្រៀងថ្មីចំណងជើងថា «My Brother» ព្រមទាំងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រក្នុងពេលតែមួយ ដោយកម្មវិធីជប់លៀងឈ្មោះថា «My Brother Party»។
ជាងនេះទៅទៀត កម្មវិធី ២ ខាងលើ ផ្ទុះកក្រើកមិនទាន់ផុតផង ស្រាប់តែកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ លោក ងួន ចាន់ដេវីដ និង កញ្ញា ទេព បូព្រឹក្ស ក៏បានរៀបចំកម្មវិធីសម្ពោធ Album ចម្រៀងថ្មី «One More» ថែមទៀតមានកម្មវិធីជួបជុំអ្នកគាំទ្រឈ្មោះថា «TBP FAN PARTY»។
ក្នុងនោះ បើទោះជាកម្មវិធី ៣ ធំៗ បានបញ្ចប់ទៅហើយក្ដីតែ លោក ងួន ចាន់ដេវីដ ក៏បានបង្ហើបឱ្យដឹងថា លោកក៏នឹងនៅមានអ្វីថ្មីៗជាបន្តបន្ទាប់ទៀតជូនអ្នកគាំទ្រ នៅពេលឆាប់ៗខាងមុខនេះទៀត៕