ទម្លាយប្រវត្តិឧត្តមសេនីយ៍រូបសង្ហា ស្វាមីរបស់តារាស្រី Pancake
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃដែលមានជ័យបំផុតសម្រាប់គូស្នេហ៍របស់តារាស្រី Pancake និង គូដណ្តឹង ព្រោះជាថ្ងៃដែលអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់ហើយ បន្ទាប់ពីទាក់ទងមើលចិត្តគ្នាអស់រយៈពេលជាង ១០ ឆ្នាំកន្លងមក។
បើនិយាយប្រវត្តិរបស់ឧត្តមសេនីយ៍ខ្លាឃ្មុំ ស្វាមីតារាស្រីរូបនេះវិញ គេបានដឹងថា លោកមានឈ្មោះពិតថា Saksoonthorn Premanond និង មានអាយុ ៤៨ ឆ្នាំ កើតក្នុងត្រកូលមន្ត្រីរាជការថៃ ដែលមានឪពុកជាអតីតអគ្គនាយកអន្តោប្រវេសន៍ថៃ និង ត្រូវជាចៅប្រុសបង្កើតរបស់អតីតមេបញ្ជាការប៉ូលិសខេត្តនគរសុវណ្ណ។ ចំណែកឯ លោកតាខាងម្តាយរបស់លោកវិញ គឺជាមន្ត្រីក្រសួងសាធារណៈការ។ រីឯ លោកយាយខាងម្ដាយរបស់លោក គឺជាអតីតគណនេយ្យករ។
ឧត្តមសេនីយ៍ Saksoonthorn ជាមនុស្សដែលស្រឡាញ់ការថតរូបតាំងពីក្មេង ដោយធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកថតរូប។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅរៀននៅឯវិទ្យាល័យ Moutain View ក្នុងរដ្ឋ Utah អាមេរិក នៅអាយុ ១៦ ឆ្នាំ។
ក្រោយរស់នៅទីនោះ ៨ ឆ្នាំ លោកក៏បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Los Angeles ហើយក៏បានធ្វើការជា Producer។ ក្រោយមកលោកក៏បានលាឈប់ពីតំណែងជាជំនួយការផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុន Tero មុនពេលចូលបម្រើក្នុងជួរមន្ត្រីរាជការ។ បច្ចុប្បន្នលោកមានតំណែងជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិ។
នៅដើមឆ្នាំ ២០២២ លោកបានរៀនចប់ថ្នាក់បណ្ឌិត ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ក្រោយចំណាយពេលរៀនបន្តជាង ៧ ឆ្នាំ៕