ដឹងតែកក្រើក! ឌី សូនិត្តា ហង្ស សុជាតា ទេព អាណាន់ នឹងលេចមុខប៉ះសិស្សប្អូន ៤ រូប លើឆាកប្រកួតចម្រៀងដ៏ធំមួយ
មហាជននិយមតាមដានកម្មវិធីកម្សាន្ត និង ការប្រកួតនានារបស់ស្ថានីទូរទស្សន៍ហង្សមាស ច្បាស់ជាធ្លាប់បានទស្សនាហើយនូវកម្មវិធី «I Am a Singer Cambodia» ដែលជាកម្មវិធីប្រមូលផ្តុំតារាចម្រៀងអាជីព មកប្រកួតគ្នានៅលើឆាកដ៏អស្ចារ្យ។ ក្នុងនោះកម្មវិធី «I Am a Singer Cambodia» ក៏បានបញ្ចប់ទៅ ២ រដូវកាលមកហើយ ដោយម្ចាស់ជ័យលាភីរដូវកាលទី ១ បានទៅលោក ដួង វីរៈសិទ្ធ និង រដូវកាលទី ២ បានទៅលើកញ្ញា វី ឌីណែត។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០២២ នេះ កម្មវិធីខាងលើក៏បានវិលត្រឡប់មកវិញជាថ្មីហើយ ដោយរដូវកាលទី ៣ នេះ គេបានឃើញវត្តមានរបស់តារាចម្រៀងអាជីពប្រុសស្រីចំនួន ៦ រូប ដោយរួមមាន អ្នកនាង ឌី សូនិត្តា អ្នកនាង ហង្ស សុជាតា លោក ទេព អាណាន់ កញ្ញា គង់ ចាន់រដ្ឋា លោក ម៉ា ច័ន្ទបញ្ញា លោក អ៊ឹម ថៃ និង លោក ឈាន ជាលឿយ។
អ្វីដែលបានធ្វើឱ្យមហាជនហាក់ចាប់អារម្មណ៍ខ្លាំងនោះ ក៏ព្រោះវត្តមានតារាប្រុសស្រី ៣ រូប ក្នុងចំណោម ៧ រូបខាងលើ ដោយមានដូចជា អ្នកនាង ឌី សូនិត្តា អ្នកនាង ហង្ស សុជាតា លោក ទេព អាណាន់ គឺបានបាត់មុខនៅលើឆាកតន្ត្រីធំៗមួយរយៈ ក៏ព្រោះមូលហេតុផ្សេងៗគ្នា តែនៅក្នុង «I Am a Singer Cambodia» រដូវកាលទី ៣ នេះ តារាចម្រៀងរៀមច្បងទាំង ៣ រូប នឹងបានជួបគ្នាជាមួយនឹងតារាប្រុសស្រី ៤ រូបផ្សេងទៀត។
គួរឱ្យដឹងថា កម្មវិធី «I Am a Singer Cambodia» រដូវកាលទី ៣ នេះ នឹងចូលរួមដោយគ្រូភ្លេងល្បីៗចំនួន ៧ រូប របស់ផលិតកម្មរស្មីហង្សមាស ហើយចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ៕