ផ្ទុះកក្រើកសិល្បៈ! នាង Pinky និងសមាជិកក្នុងគ្រួសារ ២ នាក់ទៀត ត្រូវបញ្ជូនទៅគុកហើយ រឿងឆបោកលុយជាង ២ពាន់លានបាត
តារាស្រីនាង Pinky Savika អ្នកណាៗក៏ស្គាល់ដែរថា ជាតារាសម្តែងស្រីជួរមុខក្នុងពិភពសិល្បៈថៃ។ ថ្វីត្បិតតែពេលនេះ នាងមិនសូវលេចមុខនៅក្នុងសិល្បៈជាញឹកញាប់ក្តី តែតារាស្រីរូបនេះ នៅតែទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេសដដែល តែអ្វីដែលនឹកស្មានមិនដល់ នាល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នេះ ស្រាប់តែផ្ទុះដំណឹងថា តារាស្រី Pinky Savika ត្រូវបានត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារហើយ ពីបទឆបោកលុយប្រជាជនតាមប្រព័ន្ធអេឡិចត្រូនិច។
បើតាមប្រភពព័ត៌មានសិល្បៈកម្សាន្ដថៃ បានទម្លាយថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ នេះ កំពូលតារាសម្ដែងស្រីជួរមុខ នាង Pinky Savikah រួមទាំងបងប្រុស និង ម្ដាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ពីបទឆបោកលុយតាមរយៈបណ្ដាញសង្គម។
តាមការរាយការណ៍ពីសំណាក់សារព័ត៌មានក្នុងស្រុកថៃបានឱ្យដឹងថា តុលាសម្រេចចិត្តមិនឱ្យតារាស្រី Pinky និង ក្រុមគ្រួសារធានាខ្លួននៅក្រៅឃុំឡើយ ដោយហេតុថាទម្ងន់នៃទោសមានកម្រិតធ្ងន់ពេក ដោយមានជនរងគ្រោះជាង ៩៨២៤ នាក់ សរុបជាទឹកប្រាក់ចំនួនជាង ២ ពាន់លានបាត។
ក្នុងករណីនេះ មានអ្នកចូលរួមរហូតដល់ ១៩ នាក់ឯណោះ ដោយភាគច្រើនសុទ្ធសឹងជាតារា អ្នកសិល្បៈ មានមុខមាត់ និង ហាយសូរក្នុងសង្គម។
សូមបញ្ជាក់ថា ល្បិចនៃការឆបោកលុយគឺ ឱ្យជនរងគ្រោះយកលុយមកបណ្ដាក់ទុនក្នុងការរកស៊ីប្ដូរលុយជាសកល (Foreign Exchange) ដោយឆ្លងកាត់ វែបសាយ ( Forex-3d.com) ដោយនឹងរំពឹងថា ទទួលបានផលចំណេញចាប់ពី ៦០ ដល់ ៨០ ភាគរយ៕